ស.ស.យ.ក. ខេត្តស្វាយរៀង រៀបចំតម្រង់ទិស និងបណ្តុះបណ្តាល យុវជនដែលចូលរួមប្រកួតរ៉ូបូត(មនុស្សយន្ត)
(ភ្នំពេញ)៖ លោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង នាពេលថ្មីៗនេះ បានចូលរួមជាមួយក្រុមការងាររៀបចំការប្រកួតរ៉ូបូត មនុស្សយន្ដ (Air and Tech Competitions) របស់ ស.ស.យ.ក. ខេត្ត បានរៀបចំវគ្គតម្រង់ទិស និងបណ្តុះបណ្តាល ទៅដល់ក្រុមប្រកួតរ៉ូបូត មនុស្សយន្ត ទាំង១០ក្រុម មកពីវិទ្យាល័យ និង មហាវិទ្យាល័យ។
ជាក់ស្ដែងសម្រាប់ក្រុមទាំង១០នេះ រួមមានដូចជា៖ ក្រុម Robot Forward, ក្រុម Smart Techno, ក្រុម EMT, ក្រុម T.M.E, ក្រុម The-TerMinator, ក្រុម Young Cheetah (YC), ក្រុម Cyborge Tech Devision, ក្រុម Astro, ក្រុម 2Gether, និងក្រុម Young Dynamic។
សូមជម្រាបថា ការបោះជំហាន ជាលើកទី៣ នៃកម្មវិធី Air &Tech Competitions នៅឆ្នាំ២០២១នេះ ដែលត្រូវបានផ្ដួចផ្ដើម និងបង្កើតឡើង ដោយសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តស្វាយរៀង ហើយបានបង្កើត ការប្រកួតប្រជែង ថ្មីមួយទៀតគឺ ការប្រកួតរ៉ូបូតមនុស្សយន្ដ (Humanoid) លើកទី១ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៧ ដល់ ១៩ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។
គួរបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានបង្កើតកម្មវិធី ប្រកួតប្រជែង រ៉ូបូត មនុស្សយន្ត Air & Tech Competitions ក្នុងគោលបំណង ផ្តល់ឱកាសដល់ សិស្ស និស្សិត ក្នុងការបង្ហាញសមត្ថភាព និងគំនិតច្នៃប្រឌិត របស់ពួកគេ។ ការប្រកួតនេះ នឹងចូលរួមចំណែក ផ្តល់ឱកាស កាន់តែច្រើនដល់ សិស្ស និស្សិត ក្នុងការបង្ហាញសមត្ថភាព និងគំនិតច្នៃប្រឌិត របស់ពួកគេ ក៏ដូចជា ការទទួលបានបទពិសោធន៍ថ្មី និងចំណេះដឹង ទាក់ទងនឹងការបង្កើត មនុស្សយន្ត។ លើសពីនេះទៅទៀត កម្មវិធី ក៏មានគ្រូបង្វឹក សម្រាប់បង្ហាត់បង្រៀន ចំពោះបេក្ខជនផងដែរ៕