
នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ
ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនក្នុងខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយនឹងប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារសាមគ្គី ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
ការចុះសំណេះសំណាល និងសាកសួរសុខទុក្ខនាពេលនោះ ត្រូវទទួលបានការស្វាគមន៍ប្រកបដោយទឹកចិត្តសប្បាយរីករាយ ពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារសាមគ្គីដោយក្តីគោរពស្រឡាញ់។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានបញ្ជាក់ថា នៅក្នុងឱកាសនៃដំណើរចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជីវករនាឱកាសនេះ គឺគ្រាន់តែជាជំហានដំបូងដើម្បីស្វែងយល់ពីសំណូមពរ តម្រូវការរបស់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋក្នុងផ្សារសាមគ្គីក្រុងកំពតតែប៉ុណ្ណោះ ក្នុងគោលបំណងដើម្បីបានជាមូលដ្ឋានរួម សម្រាប់ធ្វើការដោះស្រាយឱ្យបានសម្រេចនៅពេលក្រោយបន្តទៀត។
ក្នុងឱកាសនោះដែរ ក្នុងនាមជាថ្នាក់ដឹកនាំ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានមានប្រសាសន៍បញ្ជាក់ថា ឯកឧត្តមពិតជាមានក្ដីរីករាយចំពោះកិច្ចស្វាគមន៍របស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ក្នុងស្មារតីភាតរភាពជាគ្រួសារតែមួយ ជាពិសេសជាមួយគ្រួសារប្រជាពលរដ្ឋនៅទូទាំងខេត្តកំពតទាំងមូល ដើម្បីរួមគ្នាគិត រួមសុខរួមទុក្ខ និងរួមគ្នាដោះស្រាយបញ្ហាការលំបាក បញ្ហាប្រឈម សំណូមពរ និងតម្រូវការផ្សេងៗ ក៏ដូចជាការជំហ៊ាននៃដំណើរកិច្ចអភិវឌ្ឍន៍មូលដ្ឋានទៅមុខទៀតឱ្យបានកាន់តែរីកចម្រើនថែមទៀត សំដៅកាត់បន្ថយភាពក្រីក្រនឹងធ្វើឲ្យប្រជាពលរដ្ឋ និងរស់នៅប្រកបដោយសុខដុមរមនា។
ពាក់ព័ន្ធរាល់ការសំណូមពររបស់អាជីវករនាឱកាសនោះរួមមានៈ បញ្ហាសំណូមពរស្នើសុំឱ្យអាជីវករលក់ត្រីឱ្យមានការលក់ដូរប្រមូលផ្ដុំគ្នាតែមួយក្នុងផ្សារ, បញ្ឈប់ឱ្យមានការលក់ដូរខាងក្រៅផ្សារតាមចិញ្ចើមផ្លូវ, បញ្ហាការជួសជុលដំបូលផ្សារ, ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ឯកឧត្តម និងអាជ្ញាធរក្រុង និងបន្តជួបគ្នាទៀតជាមួយអាជីវករនៅពេលក្រោយ ដើម្បីធ្វើយ៉ាងណាពិភាក្សាគ្នារកដំណោះស្រាយជូនអាជីវករឱ្យបានសម្រេច។
ដោយឡែកដោយមើលឃើញពីបញ្ហាប្រព័ន្ធបង្ហូរទឹកក្នុងផ្សារ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំឱ្យប្រធានផ្សារ និងអាជ្ញាធរក្រុងកំពត សហការគ្នាស្ដារឱ្យបានឆាប់ជាបន្ទាន់ ដើម្បីធានាដល់ភាពស្អាត និងបរិស្ថានល្អក្នុងផ្សារ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានស្នើដល់ប្រធានផ្សារ និងអាជ្ញាធរក្រុងកំពត ត្រូវជៀសឱ្យបានពីយកភាស៊ីទៅលើអ្នកលក់ដូរតាមកញ្ច្រែងតូចតាច និងធ្វើការស្រង់ឈ្មោះប្រជាពលរដ្ឋដែលមានមុខរបររត់ម៉ូតូឌុបនៅផ្សារសាម្គីនេះឱ្យបានជាក់លាក់ពិតប្រាកដ ដើម្បីមានលក្ខណៈងាយស្រួលក្នុងការឧបត្ថម្ភក្នុងស្មារតីវប្បធម៌ចែករំលែកខ្មែរស្រឡាញ់ខ្មែរសម្រាប់ពួកគាត់ ដែលមានជីវភាពនិងការខ្វះខាតផងដែរ៕
(អត្ថបទ មន្ទីរព័ត៌មានខេត្តកំពត)