
ការប្លុងសំរាមនិងកាកសំណល់នៅលើចិញ្ចើមផ្លូវក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច ប្រៀបដូចជាទំនៀមទម្លាប់មួយរបស់ពលរដ្ឋ ប៉ុន្តែអាជ្ញាធរហាក់ពុំទាន់មានវិធានការទប់ស្កាត់នៅឡើយ
(ខេត្តកំពត)៖ ជាការពិតណាស់ សំរាមនិងកាកសំណល់រាវរឹងគ្រប់ប្រភេទ ដែលពលរដ្ឋក្នុងស្រុកកំពង់ត្រាច តែងតែច្រកការ៉ុង ឬស្បោងប្លាស្ទិកយកទៅប្លុងចោលនៅពេលយប់ ស្ថិតលើចំណុចផ្លូវជាតិលេខ៣១ អាចចាត់ទុកជាទំនៀមទម្លាប់មួយមិនងាយកាត់ផ្តាច់បានឡើយ ខណៈដែលអាជ្ញាធរក្នុងតំបន់ ពុំទាន់មានវិធានការទប់ស្កាត់នៅឡើយនោះ។
យ៉ាងណាមិញចំណុចដែលគេយកសំរាមនិងកាកសំណល់ទៅស្តុកចោលពាសវាលពាសកាលនៅតាមចិញ្ចើមផ្លូវដូចក្នុងរូបភាពនេះ មិនត្រឹមតែធ្វើឲ្យបាត់បង់សោភ័ណភាពស្រុកកំពង់ត្រាចនោះទេ ថែមទាំងបានបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរពលប្រជាពលរដ្ឋ ពិសេសអ្នកដំណើរឆ្លងកាត់ផ្លូវនេះ ព្រមទាំងពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរនោះ។ ចំពោះសំរាមនិងកាកសំណល់រលួយពិតជាបាន សាយភាយបញ្ចេញក្លិនស្អុយអសោធដល់អ្នកធ្វើដំណើរគ្រប់ពេលវេលា។
មហាជនតែងតែនាំគ្នារិះគន់ដល់អាជ្ញាធរក្នុងដែនសមត្ថកិច្ចហាក់ពុំទាន់មានវិធានការទប់ស្កាត់រាល់សកម្មភាពរបស់ពលរដ្ឋក្នុងតំបន់ ដែលតែងតែលួចដឹកសំរាមនិងកាកសំណល់មកចាក់ចោលនៅលើចិញ្ចើមផ្លូវជាតិនៅឡើយ ដោយករណីដូចខាងលើហាក់ដូចជាកើតឡើងរាប់ឆ្នាំមកហើយ ហើយបានធ្វើឲ្យបាត់បង់សោភ័ណភាព និងក្លាយជាកន្លែងបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែរ។
គេបានលើកឡើងថា អំណើសតទៅចំណុចផ្លូវដែលគេធ្លាប់យកស្បោងសំរាម ឬដាក់សំណល់អាហារក្នុងការ៉ុងយកទៅស្តុកចោល ពិតជាប្រពៃណីមួយដែលពលរដ្ឋនៅតែបន្តសកម្មភាពពីម្នាក់ទៅម្នាក់ ដរាបណាអាជ្ញាធរនៅតែព្រងើយកន្តើយមិនព្រមយកបញ្ហានេះទៅអនុវត្តឲ្យបានទាន់ពេលវេលានោះ។
ទាក់ទិននឹងសំរាមខាងលើ គេបានលើកឡើងផងដែរថា មហាជនសម័យនេះបើមានការបំផុសបំផុលពីកក្តាអនាម័យ សម្អាតបរិស្ថានពិតជាមានអ្នកចូលរួមច្រើនណាស់។ម្យ៉ាងទៀតសំណល់ដែលគេតែងតែប្លង់ចោលនៅទីនេះ ប្រហែលគ្មានអ្នកណាក្រៅពីអ្នករស់នៅក្នុងតំបន់ស្រុកកំពង់ត្រាចឡើយ..អញ្ចឹងងាយស្រួលណាស់បើអាជ្ញាធរលើកប្រធានបទផ្នែកបរិស្ថានមកធ្វើការអនុវត្ត ពិតជាមានមហាជនជួយគាំទ្រយ៉ាងពេញទំហឹង ពិសេសស្រទាប់យុវជនតែម្តង។
ពាក់ព័ន្ធនឹងការប្លុងសំរាម និងកាកសំណល់ខាងលើ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានប្រាប់កម្ពុជាថ្មី តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះថា ករណីបោះចោលសំរាមនៅតាមដងផ្លូវសាធារណៈ លោកបានធ្វើការអប់រំផ្សព្វផ្សាយជាច្រើនលើកច្រើនសារ ថែមទាំងជូនដំណឹងដល់មហាជន ពិសេសប្រជាពលរដ្ឋក្នុងស្រុកឲ្យរួមគ្នារក្សាអនាម័យ ដោយមិនតម្រូវឲ្យយកសំរាមទៅប្លុងចោលបែបនេះទេ ប៉ុន្តែនៅតែមានអ្នកឆ្លៀតឱកាសយកសំណល់ទៅបោះចោលនៅទីនេះដដែល។
លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា ចាប់ពីពេលនេះទៅ លោកនឹងបង្កើតគណៈកម្មការសម្រាប់ឃ្លាំមើល ហើយលោកនឹងផ្តល់រង្វាន់ដល់កម្លាំងយាមកាមនៅពេលយប់ និងធ្វើការពិន័យចំពោះអ្នកដែលលួចយកសំរាម-កាកសំណល់ទៅបោះចោលនៅទីនេះ ដោយគ្មានការយោគយល់ឡើយ៕