
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់អោយបានជ្រាបថាការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ ចាប់ពីថ្ងៃទី ១២ ខែតុលា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២១ នៅតាម សាលាឃុំ សង្កាត់ ឬនៅតាមភូមិ មួយចំនួនក្នុងឃុំ សង្កាត់ ទូទាំងប្រទេស
(កណ្តាល)÷ សូមជម្រាបជូនដំណឹងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ អោយបានជ្រាបថា ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២១ ចាប់ពីថ្ងៃទី ១២ ខែតុលា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២១ នៅតាម សាលាឃុំ សង្កាត់ ឬនៅតាមភូមិ និមួយៗចំនួនក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។
ក្នុងឱកាសនៃការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ ២០២០ អញ្ជើញ ទៅពិនិត្យមើលឈ្មោះរបស់លោក អ្នក ខ្លួនឯង ដែលបានបិទផ្សាយនៅតាម សាលាឃុំ សង្កាត់ និងទីប្រជុំជនមួយចំនួនក្នុងឃុំ សង្កាត់ ឬ អាចចូលពិនិត្យមើលតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.governor.kh ឬ កម្មវិធី ទូរសព្ទដៃ(App) Voterlist KH ដើម្បីធ្វើឱ្យប្រាកដថាខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវក្នុងបញ្ជីឈ្មោះបោះឆ្នោត។
ក្នុងករណី ឈ្មោះ ឬទិន្នន័យរបស់បងប្អូនពុំត្រឹមត្រូវ បងប្អូនត្រូវស្នើសុំក្រុម ចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវឱ្យបានត្រឹមត្រូវទៅតាមឯកសារសំអាងច្បាស់លាស់។
ក្នុងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ នេះ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ហើយមិនបានចុះឈ្មោះបោះឆ្នោតពីមុនមកប្រជាពលរដ្ឋដែលទើបនឹងគ្រប់អាយុ ១៨ ឆ្នាំគឺអាចកើតមុនឬត្រឹមថ្ងៃទី ៦ ខែមីនាឆ្នាំ ២០០៤ ឬប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅដ្ឋានឬស៊ីសំណាក់ចូលក្នុងឃុំសង្កាត់ថ្មីសូមអញ្ជើញបងប្អូនទៅចុះឈ្មោះបោះឆ្នោតតាមប្រតិទិនរបស់ក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ដែលសាមីខ្លួនត្រូវ បោះឆ្នោត។
ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមមានគណនេយ្យនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាជួយផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីអំពាវនាវនេះ សូមប្រជាពលរដ្ឋខ្មែរឲ្យបានយល់ជ្រូត ជ្រាប និងជួយជំរុញឲ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នានិងទាន់ពេលវេលា។
ដើម្បីធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះនៃការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ នេះប្រព្រឹត្តទៅល្អប្រកបទៅដោយសន្តិសុខ សុវត្ថិភាព និងជៀសផុតពីជម្ងឺកូវីដ ១៩ សូមបងប្អូនប្រជាពលរដ្ឋ ភាគីពាក់ព័ន្ធ នឹងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់
ដែលត្រូវចូលរួមក្នុងដំណើរការនេះ យកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាលការបង្ការការពារទប់ស្កាត់និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋខ្មែរនិងភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពតាមច្បាប់ជាធរមានដើម្បីឲ្យដំណើរការនៃការគិតពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ ប្រព្រឹត្តទៅដោយរលូននិងធានាបាននូវសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់គ្រប់គ្នា។