ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ផ្តល់អោយយុវជនជាង២០០នាក់ បានយល់ពីច្បាស់ពីប្រវត្តិសាស្ត្រ និងដំណើរតស៊ូរបស់សម្តេចតេជោ ក្នុងទស្សនៈកិច្ចសិក្សារយៈពេល១៥ថ្ងៃ នៅមជ្ឈមណ្ឌលប្រវត្តិសាស្រ្តកោះថ្ម និងស្តូបវិមាន២ធ្នូ

ដើម្បីឲ្យសិស្សានុសិស្សជាយុវជនជំនាន់ក្រោយ ជាសសរទ្រូងប្រទេសជាតិ បានយល់កាន់តែច្បាស់ពីប្រវត្តិសាស្ត្រពិតប្រាកដ និងដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន បូជាសាច់ស្រស់ឈាមស្រស់ ប្តូរយកសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ រៀបចំឲ្យមានទស្សនៈកិច្ចសិក្សាមួយឡើងទៅកាន់តំបន់ប្រវត្តិសាស្ត្រក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ជាទីតាំងដែលផ្តើមសន្តិភាពសម្រាប់កម្ពុជា។

ក្នុងនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចង្អុលបង្ហាញនិងណែនាំឲ្យមន្ទីរអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ រៀបចំកម្មវិធីទស្សនកិច្ចសិក្សានេះឡើង ដោយមានក្រុមយុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជន ស.ស.យ.ក ដែលជាសមាជិកក្រុមប្រឹក្សាយុវជនតាមសាលាមធ្យមសិក្សាទូទាំងខេត្ត សរុបចំនួន២១០នាក់ ចែកចេញជា៧វគ្គ ក្នុង១វគ្គចំនួន៣០នាក់ ធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលប្រវត្តិសាស្រ្តកោះថ្ម ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងស្តូបវិមាន២ធ្នូ ក្នុងស្រុកស្នួល ខេត្តក្រចេះ ដោយចាប់ផ្តើមមពីថ្ងៃទី១០ ខែតុលា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។

កម្មវិធីទស្សនកិច្ចសិក្សានេះ ក្រោមការធ្វើបទឧទ្ទេសនាមពី លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីស្រាវជ្រាវ និងអប់រំអំពើប្រល័យពូជសាសន៍នៅកម្ពុជា ដោយផ្តោតសំខាន់លើប្រវត្តិសាស្ត្រកម្ពុជា សម័យកម្ពុជាសាធារណៈរដ្ឋ (១៩៧០-១៩៧៥) សម័យកម្ពុជាប្រជាធិប្បតេយ្យ (១៩៧៥-១៩៧៩) រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ពិសេសដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិកម្ពុជារីកចំរើនមកដល់សព្វថ្ងៃ។

ក្នុងទស្សនៈកិច្ចសិក្សានោះ ក្រុមយុវជនក៍បានទស្សនានូវការចាក់បញ្ចាំងខ្សែវីដេអូឯកសារចំនួន២ផងដែរ ដោយវីដេអូទី១ និយាយពីដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងទី២វីដេអូស្តីពី រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨៕