
នៅព្រឹកថ្ងៃចន្ទ ៨ កើត ខែស្រាពណ៍ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ
ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី៣ អាស្ត្រា ហ្សេនីកា) ក្នុងគោលការណ៍ស្ម័គ្រចិត្តជូនដល់សមាជិកសមាគមអតីតយុទ្ធជន និងកងកម្លាំងនៃស្នងការនគរបាលខេត្ត្តស្វាយរៀង ស្ថិតនៅសាលប្រជុំធំអគារ ឃ សាលាខេត្ត។
មានវត្តមានអញ្ជើញចូលរួមក្នុងឱកាសនោះមានលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត ព្រមទាំងសមាជិកអតីយុទ្ធជន និងលោកគ្រូ អ្នកគ្រូពេទ្យជួរមុខមួយចំនួនទៀត។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកៀរគរវ៉ាក់សាំង ដើម្បីជំរុញដល់សុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងមូល ក្នុងនោះខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ខេត្ត ក៏បានរៀបចំចាក់ដូសទី៣ ដែលជាដូសជំរុញអង់ទីគ័រក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងមេរោគបំលែងខ្លួនថ្មី ដែលកំពុងមានវត្តមានមួយចំនួននៅខេត្តស្វាយរៀងរៀងយេីង។
ឯកឧត្តមបន្តថា បេីតាមការបញ្ជាក់របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលេីកឡេីងអំពីសារប្រយោជន៍នៃវ៉ាក់សាំងដូសទី៣រួមមាន៖
១. ធ្វើឱ្យអង់ទីគ័រ ប្រឆាំងជាមួយមេរោគឡើងខ្ពស់។
២. ជម្រុញឱ្យសរីរាង្គកាន់តែមាំទាំថែមទៀត។
៣. អាចការពារ និងវាយបកនៅវីរុសកូវីដ១៩។
៤. ជួយជម្រុញឱ្យខ្លួនរបស់យើងមានភាពសាំនឹងមេរោគដែលចូលខ្លួនយើងកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ ឬដល់ស្លា-ប់។
៥. ធ្វើឱ្យក្នុងខ្លួនយើងមានប្រព័ន្ធការពារ អាចការពារមេរោគផ្សេងៗនៅពេលដែលអ្នកឆ្លងមេរោគ
ឯកឧត្តមក៏បានអំពាវដល់សមាជិកសមាគមអតីតយុទ្ធជនទូទាំងអស់ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩រួចហេីយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ”៣ការពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន៕