
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់ស្បៀង និងរបស់ប្រើប្រាស់ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករង ស្នងការដ្ឋាននគរបាល នៃខេត្តស្វាយរៀង
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានផ្តល់ស្បៀង និងរបស់ប្រើប្រាស់ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករង ស្នងការដ្ឋាននគរបាល នៃខេត្តស្វាយរៀង នារសៀលថ្ងៃសៅរ៍ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ ឯកឧត្តម លោកជំទាវ ដែលបានចូលរួមនាពេលនេះ ដោយក្តីនឹករលឹក ។
លោកជំទាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានយកចិត្តទុក្ខដាក់បំពេញភារកិច្ច ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេស ការចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ។ ទន្ទឹមនឹងនោះផងដែរ លោកជំទាវក៏បានសំណូមពរឲ្យអាជ្ញាធរទាំងអស់ត្រូវបន្តពង្រឹងការយកចិត្តទុក្ខដាក់ក្នុងការគ្រប់គ្រងចំពោះបងប្អូនប្រជាពលរដ្ឋចំណាកស្រុក បានវិលត្រលប់ចូលមកកាន់ខេត្តវិញ និងប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់តាមព្រំដែនស្វាយរៀងនៃប្រទេសកម្ពុជា និងវៀតណាម ដោយអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់នូវវិធានការចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែន និងការពង្រឹងវិធានការរដ្ឋបាលចាំបាច់ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ បំប្លែងថ្មីប្រភេទ (ដែលតា) នៅក្នុងសហគមន៍ ។
អំណោយដែលបានផ្តល់ជូន បញ្ជាការដ្ឋានកងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករង ស្នងការដ្ឋាននគរបាល រដ្ឋបាល ក្រុង ស្រុក ទាំង៨ នៃខេត្តស្វាយរៀង ក្នុងថ្ងៃនេះរួមមាន ៖ រួមមាន ៖ ទី១.អង្ករ ១តោន ទី២.ត្រីខកំប៉ុង ៥កេសធំ ទី៣.មី ២កេសធំ ទី៤.ម៉ាស់ ២.៥០០ម៉ាស់ ទី៥. អាល់កុល ១កាន និងថវិកា ៣លានរៀល ៕