រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្ដីពីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅភូមិប្អេរ និងភូមិឃ្លាំងប្រាក់

រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងដល់សាធារណៈជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅភូមិប្អេរ និងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យ គណៈកម្មការរដ្ឋបាល នឹងធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារសុរិយោដី ដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន និងអង្គភាពពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬទំនាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល ១៥ថ្ងៃ(ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី ០៩ ខែកក្កដា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅបរិវេណវត្តថ្មស (ហៅវត្តក្ដីត្នោត) ស្ថិតក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ផុតកំណត់ខាងលើគណៈកម្មការសន្មត់ថា ទិន្នន័យដែលបានបើកចំហជូនពិនិត្យជាសាធារណៈនេះមានភាពត្រឹមត្រូវហើយមិនអាចជំទាស់តវ៉ានៅពេលក្រោយបានទៀតឡើយ។

សូមបញ្ជាក់ថា៖ ផុតរយៈពេលកំណត់នៃការបិទផ្សាយជាសាធារណៈនេះគណៈកម្មការរដ្ឋបាលនិងធ្វើការបូកសរុប និងលើកសំណើទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យសម្រេចបញ្ជូនឲ្យរដ្ឋបាលសូរិយោដីចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខខណ្ឌតាមច្បាប់។
គណៈកម្មាធិការរដ្ឋបាលនឹងដាក់ទីតាំងបណ្ដោះអាសន្ននៅកន្លែងបិទស្រាយដើម្បីចាំទទួលពិគ្រោះ និងផ្ដល់យោបល់ដល់អ្នកដែលមានសំណូមពរ៕