
ឯកឧត្តមរដ្ឋលេខាធិការ លឹម ស៊ីដេនីន ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការកែសម្រួលសេចក្តី ព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង តាម ប្រព័ន្ធវីដេអូពីចម្ងាយ
ថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ដែលមានការអញ្ជើញចូលរួម ដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញបច្ចេកទេស ចូលរួមតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ និងភាគីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះបានពិភាក្សាអំពីវឌ្ឍនភាពនៃការកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ការរៀបចំសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីដាក់ស្នើទៅថ្នាក់ដឹកនាំពិនិត្យសម្រេច និងការងារពន្លឿនការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះឱ្យបាន ឆាប់តាមដែលអាចធ្វើទៅបាន។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំពិនិត្យ ពិភាក្សាឱ្យបានផុលផុស និងផ្តល់ធាតុចូលឱ្យបានល្អិតល្អន់ ដើម្បីជំរុញឱ្យការរៀបចំសេចក្ដីព្រាងអនុក្រឹត្យ នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចបញ្ចប់តាមការគ្រោងទុក។
គួរកត់សម្គាល់ផងដែរថា៖ អនុក្រឹត្យនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងដល់ការគ្រប់គ្រងលើការប្រើ ប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវជនបទ និងផ្លូវរថភ្លើង ប្រកបដោយ សុវត្ថិភាព ប្រសិទ្ធភាព សម្រាប់បម្រើឱ្យការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំដៅធានានូវនិរន្តរភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ស្របតាមការអភិវឌ្ឍ និងការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា៕
(ប្រភពក្រសួងសាធារណការនិងដឹកជញ្ជូន)