ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយ និងថវិកាពីលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ ដេីម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

នាព្រឹកថ្ងៃអង្គារ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយ និងថវិកាពីលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ ដេីម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍ថ្លែងនូវការអរគុណចំពោះលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ មិនត្រឹមតែបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសដើម្បីផ្តល់ការងារធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងនិងក្រៅខេត្តប៉ុណ្ណោះទេ លោកប្រធានតំបន់តែងតែចូលរួមបរិច្ចាគនូវអំណោយ និងថវិកា ជាបន្តបន្ទាប់ជូនដល់រដ្ឋបាលខេត្តទៅលើការងារអភិវឌ្ឍផ្សេងៗជាដើម។ ជាក់ស្តែងសម្ភារៈប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដែលទទួលបាននូវពេលនេះ សបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងគ្រាលំបាក។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា អំណោយ និងថវិកាដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និង​យកទៅចាត់ចែងប្រើប្រាស់ឲ្យចំទិសដៅ ក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ស្របតាមបរិបទនាពេលបច្ចុប្បន្ន។​

អំណោយទាំងនោះរួមមាន ម៉ាស១០កេសធំ ស្មើនឹង២៥,០០០ម៉ាស អាល់កុល១០កេស ស្មើនឹង៤៨០ដប៕