ឯកឧត្តម ម៉ែន វិបុល​ អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធបើកការដ្ឋានសាងសង់គម្រោងអចលនទ្រព្យភូមិមរតក ដែលមានផ្ទៃដីសរុបជាង ១៤ហិចតា រួមមាន៖ដីឡូតិ៍ ផ្សារសហគមន៍ ផ្ទះល្វែងបែបអាជីវកម្ម និងមានតំបន់កំសាន្តស្ថិតនៅក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង

(ស្វាយរៀង)÷នាព្រឹកថ្ងៃសៅរ៍១រោច ខែផល្គុន ឆ្នាំជូត ទោស័ក២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល​ អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធបើកការដ្ឋានសាងសង់គម្រោងអចលនទ្រព្យភូមិមរតក ដែលមានផ្ទៃដីសរុបជាង ១៤ហិចតា រួមមាន៖ដីឡូតិ៍ ផ្សារសហគមន៍ ផ្ទះល្វែងបែបអាជីវកម្ម និងមានតំបន់កំសាន្តស្ថិតនៅក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។​

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោក​ លោកស្រី​ ជាប្រធានមន្ទីរក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកនាយកទីចាត់ការសាលាខេត្ត​ និងអាជ្ញាធរដែនដីព្រមទាំងប្រជាពលរដ្ឋដែលមកចូលស្វែងយល់អំពីគំរោងលំនៅដ្ឋាននេះមួយចំនួនទៀត។

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្ត បានសម្តែងការគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ នៅក្នុងខេត្តទៅលើការវិនិយោគវិស័យអចលនទ្រព្យដីធ្លី ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដែលជាឱកាសមួយ សម្រាប់អ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តស្វាយរៀង ជាពិសេសខេត្តមានទីតាំងដី និងសក្កានុពលអំណោយផលជាច្រើន សម្រាប់អ្នកវិនិយោគ។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់អ្នកវិនិយោគទុនទាំងអស់ត្រូវចូលរួមបង្ការទប់ស្កាត់ជំងឺ covid 19 ដោយធ្វើយ៉ាងណាត្រូវគោរពនូវវិធានការ(៣ការពារ ៣កុំ )របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជាពិសេសការធ្វើអនាម័យជាប្រចាំដូចជា ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ អាកុល ជែល និងនៅគម្លាតសុវត្ថិភាពជាដើម។

លោក សោម សុធា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យភូមិមរតក បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ភូមិមរតក គ្រោងចំណាយថវិកាសរុបជាង ៨លានដុល្លារ ដោយដំណាក់កាលទី១ គ្រោងចំណាយថវិកា ២.៦លានដុល្លារ។ ហើយអ្វីដែលពិសេស គម្រោងភូមិមរតក អាចដំណើរការយ៉ាងឆាប់រហ័ស ដោយទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្ត ដែលបានបង្ហាញពីភាពជោគជ័យមួយជំហាន ពីព្រោះនេះគឺជាគម្រោងមួយ ដែលអាចកែប្រែវាសនាតំបន់ជុំវិញនេះ ឲ្យកាន់តែអ៊ូអរ ក្លាយជាទីប្រជុំជន ក្រុងរណបរបស់ខេត្តមួយ នាពេលអនាគតខាងមុខដ៏ខ្លីផងដែរ។

គម្រោងភូមិមរតក បានចូលរួមចំណែកអភិវឌ្ឍន៍ តំបន់រស់នៅ ដោយមានការបង្កើតជាផ្សារសហគមន៍ បង្កើតការងារ បង្កើតមុខរបរកាន់តែច្រើន ជាពិសេសនៅក្នុងគម្រោងមានការកសាងផ្លូវដើម្បីឲ្យបងប្អូនក្នុងសហគមន៍កាន់តែងាយស្រួលធ្វើដំណើរ រីឯប្រពន្ធលូ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ត្រូវបានរៀបចំតាមស្ដង់ដា គោរពតាមបទដ្ឋានច្បាប់ មិនមានក្ដីបារម្ភក្នុងការរស់នៅនោះឡើយ៕