ឯកឧត្តម ម៉ែន វិបុល​ អភិបាលខេត្តស្វាយរៀងអនុញ្ញាតឲ្យឯកអគ្គរាជទូតរងស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃពុធ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យលោកឯកអគ្គរាជទូតរងស្ថានទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសម្តែងការគួសម និងពិភាក្សាការងារ ក្នុងគោលបំណងសិក្សាស្វែងយល់ពីសមិទ្ធផល និងវឌ្ឍនភាពនៃការអភិវឌ្ឍដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបាន ។

មានប្រសាន៍ទៅកាន់ ឯកអគ្គរាជទូតរងស្ថានទូតអូស្ត្រាលី នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាពភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម ជាពិសេសខេត្តបានក្លាយជាប្រភពការងារជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រមាណជាង ៨ម៉ឺននាក់ លើវិស័យឧស្សាហកម្ម រោងចក្រ សេវាកម្មកាស៊ីណូជាដើម។ ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តបានជម្រាបជូន អំពីស្ថានភាពបច្ចុប្បន្ន និងវិធីសាស្ត្រក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀង ក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជាផងដែរ។

ជាចុងបញ្ចប់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះ លោកឯកអគ្គរដ្ឋទូតរងស្ថានទូតអូស្ត្រាលី ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអូស្ត្រាលីកន្លងមកក្នុងជួយដល់កម្ពុជាតាមរយះគម្រោងកម្មវិធីរបស់អង្គការមូលនិធិកុមារ អូស្ត្រាលី Child Fund Australia និងគម្រោងកម្មវិធីResilince Fund របស់អង្គការ UNDP នៅបាវិតជាដើម ។

សូមជម្រាបជូនថា ជំនួបនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕