ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ និងអាងស្តុកទឹកស្អាតនៅបឹងប្រាសាទ ដែលអនុវត្តន៍ដោយក្រុមហ៊ុន ធីភីអិលស៊ី ហូលឌីង

(ស្វាយរៀង)÷នាថ្ងៃចន្ទ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ និងអាងស្តុកទឹកស្អាតនៅបឹងប្រាសាទ ដែលអនុវត្តន៍ដោយក្រុមហ៊ុន ធីភីអិលស៊ី ហូលឌីង។

កិច្ចប្រជុំនេះ មានការចូលរួមពី លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកអភិបាលរងក្រុងបាវិត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងតំណាងក្រុមហ៊ុន ធីភីអិលស៊ី ហូលឌីង ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តបានបញ្ជាក់ថា
ក្នុងនាមតំណាងឱ្យឯកឧត្តមអភិបាលខេត្ត រដ្ឋបាលខេត្តស្វាយរៀង សូមថ្លែងនូវការអរគុណ និងគាំទ្រចំពោះគំរោងវិនិយោគរបស់ក្រុមហ៊ុន ធីភីអិលស៊ី ហូលឌីង ដែលមានបំណងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ និងអាងស្តុកទឹកស្អាតនៅបឹងប្រាសាទ ក្រុងបាវិត ដែលសបញ្ជាក់ឱ្យឃើញពីការចូលរួមអភិវឌ្ឍន៍ខេត្ត ដើម្បីបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដូច្នេះរាល់ការវិនិយោគត្រូវអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ។ ម្យ៉ាងទៀតក្រុមហ៊ុន ត្រូវពន្លឿនការអនុវត្តនីតិវិធីទៅតាមច្បាប់ នឹងការអនុវត្តគម្រោងវិនិយោគនេះ ទៅក្រសួងស្ថាប័នពាក់ព័ន្ធឱ្យបានត្រឹមត្រូវ ។

ឯកឧត្តមបន្តថា ក្រោយពីក្រុមហ៊ុនធីភីអិលស៊ី ហូលឌីង ទទួលបានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នពាក់ព័ន្ធនឹងការអនុវត្តគម្រោងវិនិយោគខាងលើ ត្រូវរួសរាន់ដំណើរការអនុវត្តគម្រោង ចៀសវាងការទុកយូរមិនដំណើរការ។ទន្ទឹមនេះ ក្រុមហ៊ុនត្រូវគិតគូរ វិនិយោគបន្ថែមលើការ រៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ សម្រាប់ចម្រោះទឹកកខ្វក់នៅក្នុងក្រុងបាវិតឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស និងធានាបាននូវគុណភាព ។