កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ ៤៦ អយក.សណន ស្ដីពីការអនុវត្តភារកិច្ចរបស់អភិបាល រាជធានី ខេត្ត ក្រុងស្រុក ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(សម័យប្រឡង ២១ ធ្នូ ២០២០) និងត្រៀមរៀបចំផែនការការងាររៀបចំមណ្ឌលប្រឡង

នាព្រឹកថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ ៤៦ អយក.សណន ស្ដីពីការអនុវត្តភារកិច្ចរបស់អភិបាល រាជធានី ខេត្ត ក្រុងស្រុក ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(សម័យប្រឡង ២១ ធ្នូ ២០២០) និងត្រៀមរៀបចំផែនការការងាររៀបចំមណ្ឌលប្រឡង ការងាររក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់មណ្ឌលប្រឡង និងសុវត្ថិភាពលើផ្លូវជាតិដែលនៅជិតមណ្ឌលប្រឡង។
កិច្ចប្រជុំនេះមានការចូលរួមពីលោកឧត្ដមសេនីយ៍ស្នងការរងនគរបាលខេត្ត លោកឧត្ដមសេនីយ៍មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ប្រធានមន្ទីរទេសចរណ៍ខេត្ត អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកនាយកទីចាត់រដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យមធ្យម មន្ទីរអយក លោកប្រធានការិយាល័យ នៃទីចាត់ការអន្តរវិស័យសាលាខេត្ត លោក លោកស្រីនាយក នាយិកាវិទ្យាល័យ បឋមសិក្សាទាំង៦ សរុបអ្នកចូលរួម ១៦នាក់ ស្រី ២នាក់។

សូមបញ្ជាក់ផងដែរថា ខេត្តស្វាយរៀង មាន ២ស្រុក ក្រុងគឺក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ សរុប ៧មណ្ឌល(ស្រុកស្វាយជ្រំ ១មណ្ឌល និងក្រុងស្វាយរៀង ៦មណ្ឌល) ស្មើនឹង ១៦៧បន្ទប់ ថ្នាក់វិទ្យាសាស្រ្ត មាន ២មណ្ឌល ស្មើនឹង ៣៤បន្ទប់ និងថ្នាក់វិទ្យាសាស្រ្តសង្គម មាន ៦មណ្ឌល ស្មើនឹង ១៣៣បន្ទប់ បេក្ខជនសរុប ៤១៥២អង្គ-នាក់ ស្រី ២១៣៦នាក់ ។

បន្ថែមលើសពីនេះ ឯកឧត្ដមអភិបាលរង បានសំណូមពរ និងដាក់គោលការណ៍សំខាន់ៗមួយចំនួនមាន៖ សូមខាងស្នងការនគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសន្តិសុខ របៀបរៀបរយតាមមណ្ឌលប្រឡងទាំង៧ ក្នុងស្រុកស្វាយជ្រំ និងក្រុងស្វាយរៀង ត្រៀមកម្លាំងការពារហឹបវិញ្ញាសា និងរៀបចំកម្លាំងសមត្ថកិច្ចចុះផ្ដល់ព័ត៌មាន និងសហការដល់ម្ចាស់អាជីវកម្មថតចម្លង សុំបិទពីព្រឹកថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ និងសូមមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរៀបចំក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ ក្រុមគ្រូពេទ្យប្រចាំការ និងរថយន្តសង្គ្រោះ នៅតាមមណ្ឌលទាំង ៧ លើសពីនេះសូមមន្ទីរទេសចរណ៍ខេត្តរៀបចំក្រុមការងារចុះត្រួតពិនិត្យ សហការជាមួយអជ្ញាធរក្រុងស្រុក ជួបជាមួយម្ចាស់អាជីវកម្មលក់ដូរនៅជុំវិញមណ្ឌលប្រឡង ម្យ៉ាងវិញទៀតសូមលោក លោកស្រីនាយក នាយិកា វិទ្យាល័យ បឋមសិក្សាទាំង៧ សូមជួយរៀបចំសម្អាតបន្ទប់ប្រឡង បន្ទប់ទឹក បង្គន់អនាម័យ ទីធ្លាមណ្ឌលប្រឡងអោយមានសណ្ដាប់ធ្នាប់របៀបរៀបរយ មានសោភណ្ឌភាពល្អ និងមានផាសុកភាព និងត្រៀមលោកគ្រូ អ្នកគ្រូ មួយឬពីរនាក់ត្រៀមសហការសម្រលសម្រួលជាមួយប្រធានមណ្ឌល គណៈមេប្រយោគ នាសម័យប្រឡង ក្នុងនោះសូមមន្ទីរធម្មការ និងសាសនា ជួយរៀបចំសាមណេរ ព្រះសង្ឃ ដើម្បីរៀបចំត្រួតពិនិត្យ បេក្ខជនជាព្រះសង្ឃមុនចូលទៅចូលក្នុងមណ្ឌលប្រឡង និងសូមរៀបចំកិច្ចសហការជាមួយព្រះចៅអធិការវត្ត រៀបចំវត្តអារាមដែលជិតមណ្ឌលប្រឡង កន្លែងស្នាក់នៅស្នាក់នៅសម្រាប់បេក្ខជនដែលខ្វះខាតលទ្ធភាព និងរកបន្ទប់ស្នាក់នៅពុំបាននាសម័យ នាពេលខាងមុខនេះ៕