ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាលខេត្តកែប​ បានសម្រេចជ្រេីសរេីសភូមិចំនួន០១​ភូមិ​ គឺភូមិចំការបី​ និងត្រៀមភូមិចំនួន០៣ទៀត​ ដេីម្បី​ដាក់អោយអនុវត្តគម្រោងតេជោភូមិ១០០​ នៅខេត្តកែប​

មានប្រសាសន៍នេះ​ ក្នុងឱកាស​ដែល​ ឯកឧត្តមអភិបាលខេត្ត​ ទទួលជួបស្វាគមន៍គណប្រតិភូវេទិការសម្ពន្ធសង្គមស៊ីវិល​(វសស)​ នៃទីស្តីការគណរដ្ឋមន្រ្តី​ ដឹកនាំដោយ​ ឯកឧត្តម​ ដួង​ វីរ័ត្ន​ នាថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ២០២០​ នៅសាលាខេត្តកែប​ ។

ឯកឧត្តម​ ដួង​ វីរ័ត្ន​ បានលេីកឡេីងថា​ ទីតាំងដែលមានសក្តានុពលសម្រាប់អនុវត្តគម្រោងតេជោភូមិ១០០នេះ​ ត្រូវមានលក្ខណៈ​ ជាកេរ្តិ៍តំណែលប្រវត្តិសាស្រ្ត​ និងវប្បធម៌​ ទាក់ទាញភ្ញៀវទេសចរណ៍​ អាចទាក់ទាញអ្នកវិនិយោគ​ មានហេដ្ឋារចនាសម្ពន្ធគ្រប់គ្រាន់​ ផ្លូវ​ សាលារៀន​ មណ្ឌលសុខភាព​ និងជាទីតាំងដែកមានទីប្រជុំជន​។

គម្រោងអភិវឌ្ឍន៍តេជោភូមិ ១០០ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកភាពយល់ព្រមកាលពីដើមឆ្នាំ២០១៩ ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​ នៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីដែលមានសមាជិក ៥២ ប្រទេស។ គម្រោងនេះ គឺជាការពង្រឹងការអភិវឌ្ឍ ក្រែប្រែ កែសម្រួល ពង្រីកសក្តានុពលក្នុងមូលដ្ឋាន​ ដែលយកវប្បធម៌ជាស្នូលក្នុងទិសដៅពង្រីកចំណូលឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តម​ បានវាយតម្លៃថាគម្រោងនេះ​ គឺជាពង្រឹងនូវសមត្ថភាព និងប្រើប្រាស់សក្តានុពលមូលដ្ឋានឱ្យអស់លទ្ធភាព ហើយក៏ជាខឿនដ៏រឹងម៉ាំសម្រាប់ការគាំទ្រចក្ខុវិស័យរបស់រដ្ឋដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសអ្នកមាននៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ផងដែរ។

ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាលខេត្ត​ បានបញ្ជាក់បន្ថែមទៀតថា​ ទីតាំងភូមិចំការបី​(តំបន់ភ្នំវល្លិ៍)​ ជាតំបន់ប្រវត្តិសាស្រ្ត​ កំពុងប្រែក្លាយជាតំបន់កសិ-ឧស្សាហ៍កម្ម​ ជាអតីតតំបន់សង្គ្រាម​ ប៉ុន្តែបច្ចប្បន្ន​នេះ​ បានប្រែក្លាយជាតំបន់អភិវឌ្ឍន៍​ មានផ្លូវគមនាគមន៍គ្រប់គ្រាន់​ ។

ឯកឧត្តមអភិបាលខេត្ត​ សង្ឃឹមថា​ គម្រោងនេះ​ នឹងបង្កើនចំណូលប្រជាជន និងជាគ្រឹះគាំទ្រចក្ខុវិស័យឆ្នាំ ២០៣០ ដោយយកវប្បធម៌ជាស្នូលនៅមូលដ្ឋាន​។