
លោក អ៊ឹង ម៉េងហួរ៖ ការងារត្រួតពិនិត្យត្រូវផ្សារភ្ជាបការងារដឹកនាំបើមានការដឹកនាំគឺត្រូវមានការត្រួតពិនិត្យ
(ខេត្តកំពត)៖ ការងារត្រួតពិនិត្យត្រូវផ្សារភ្ជាប់ការងារដឹកនាំ បើមានការដឹកនាំគឺត្រូវមានការត្រួតពិនិត្យ ឲ្យបានហ្មត់ចត់ទើបការងារទទួលបានបានជោគជ័យ។
នេះគឺជាមតិលើកឡើងរបស់ លោក អ៊ឹង ម៉េងហួរ សមាជិកគណៈកម្មាធិការកណ្តាលនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដើម្បីក្រើនរំលឹកណែនាំ ដល់មន្ត្រីគណបក្សប្រជាជនកម្ពុជាដែលមកពីគណបក្សថ្នាក់មូលដ្ឋាននៃមន្ទីរ អង្គភាព និងក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តសរុបចំនួនជាង២០០នាក់។
នៅក្នុងឱកាសកិច្ចប្រជុំបូកសរុបការងារត្រួតពិនិត្យគណបក្សខេត្តឆ្នាំ២០១៨និងលើកទិសដៅភារកិច្ចឆ្នាំ២០១៩ ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ខែមេសាឆ្នាំ២០១៩នៅមន្ទីរគណបក្សប្រជាជនខេត្តកំពត លោក អ៊ឹង ម៉េងហួរ បានលើកបញ្ជាក់ក្រើនរំលឹកដល់សមាជិកក្នុងកិច្ចប្រជុំនេះថា៖ កន្លងមកអង្គការចាត់តាំងគណបក្សនិងមន្ត្រីគណបក្សភាគច្រើនបានកំពុងយកចិត្តទុកដាក់យ៉ាងសកម្មនិងសម្រេចរាល់ទិសដៅភារកិច្ចរបស់គណបក្សទាំងក្នុងការងារទូទៅ ទាំងក្នុងការងារកសាងពង្រឹងគណបក្ស របបដឹកនាំនិងរបៀបរបបធ្វើការភាគច្រើនបានអនុវត្តត្រឹមត្រូវតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងគោលការណ៍ណែនាំរបស់គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដែលចំណុចវិជ្ជមានទាំងអស់នេះបានធ្វើឲ្យគណបក្សរឹងមាំ ទទួលបានការគាំទ្រពីប្រជាជន ដណ្ដើមបានជ័យជម្នះជាបន្តបន្ទាប់ក្នុងការដឹកនាំប្រទេសនិងការបោះឆ្នោតទាំងនៅក្នុងថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន។
លោកក៏បានបន្តលើកឡើងទៀតថា៖តែទោះបីលទ្ធផលសម្រេចបានជាភាពវិជ្ជមានទាំងនេះក៏ពិតមែន ក៏នៅមានចំណុចអវិជ្ជមានដែលត្រូវពុះពារកែលម្អបន្ថែមទៀត ចំពោះមន្ត្រីដឹកនាំគណបក្សមួយចំនួន ខ្វះការយល់ដឹងអំពីការងារគណបក្សខ្វះការអនុវត្តរបបប្រជុំជីវភាព និងមិនគោរពបានត្រឹមត្រូវតាមគោលការណ៍សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ ឃ្លាតឆ្ងាយពីមហាជន រហូតប្រព្រឹត្តខុសឆ្គងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធនិងផលប្រយោជន៍ប្រជាជនថែមទៀត។
មិនតែប៉ុណ្ណោះចំណុចអវិជ្ជមានទាំងអស់នេះ បានជះឥទ្ធិពលដល់សាមគ្គីភាពផ្ទៃក្នុង ដល់ប្រសិទ្ធភាពការងារ និងប្រជាប្រិយភាពរបស់គណបក្សដែលទាមទារឲ្យគណបក្សត្រូវតែពង្រឹងការងារអនុវត្តលក្ខន្តិកៈគណបក្សឲ្យបានម៉ឺងម៉ាត់ពង្រឹងគុណភាពបង្កើនការងារត្រួតពិនិត្យរបស់មន្ត្រីឲ្យបានរឹងមាំ និងប្រកាន់ខ្ជាប់លើកកម្ពស់ការដឹកនាំ អនុវត្តគោលនយោបាយចំពោះមន្ត្រីប្រកបដោយភាពយុត្តិធម៌និងបរិយាប័ន ដោយភ្ជាប់នឹងការអនុវត្តផ្អែកតាមប្រសាសន៍ក្រើនរំលឹករបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថា៖ត្រូវតែបន្តពង្រឹងអភិបាលកិច្ចនៅគ្រប់ស្ថាប័ន ពង្រឹងសមត្ថភាពលុបបំបាត់គ្រួសារនិយម ទំនើងនិមយ បក្សពួកតាមរយៈអភិក្រម”ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”៕
សេង ណារិទ្ធ