ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

ថ្លែងចេញពីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងនូវការកោតសរសើរ ចំពោះបងប្អូនកងកម្លាំងនគរបាលទាំងអស់ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ដោយបានផ្តល់សេវាឆាប់រហ័ស និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក ព្រមទាំងជំរុញឲ្យបន្តលើកិច្ចការងារនេះ ឲ្យកាន់តែល្អទ្វេរឡើងបន្ថែមទៀត។

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងប្រធាននាយកដ្ឋានបុគ្គលិក បានលើកឡើងថា មន្ត្រីនគរបាលជាតិ ត្រូវទទួលខុសត្រូវលើកាតព្វកិច្ចខ្លួនឲ្យបានល្អ ពិសេសគោលនយោបាយទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាអាជ្ញាធរ និងជាអាណាព្យាបាលរបស់ពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ផងដែរថា ចំពោះមន្ត្រីនគរបាលជាតិនៅខេត្តត្បូងឃ្មុំ ដែលទើបប្រកាស់តែងតាំង និងដំឡើងឋានន្តសក្ដិ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ អនុវត្តន៍នូវកាតព្វកិច្ច ភារកិច្ចការងាររបស់ខ្លួនឲ្យបានល្អឥតខ្ចោះ ពិសេសអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ត្រូវតែធ្វើការបង្ក្រាបឲ្យបានជាដាច់ខាតនូវ រាល់ទង្វើបង្កចាលចល និងអំពើអបាយមុខផ្សេងៗ។