
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ៣៥គ្រួសារ នៅស្រុករមាសហែក
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត ឯកឧត្តម ហុង វិណុល និងលោកជំទាវ រួមជាមួយប្រតិភូអមដំណើរបានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅស្រុករមាសហែក នៃខេត្តស្វាយរៀង សរុបចំនួន ៣៥គ្រួសារ ដែលជាចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ស្រ្តីមេម៉ាយកូនច្រើន នាព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។
ការចុះសំណេះសំណាលនេះ លោកជំទាវបានថ្លែងថា ទោះបីជំងឺឆ្លងកូវីដ១៩ មានការរីរាលដាល នៅលើពិភពលោក យ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។
លោកជំទាវក៏បាន កោតសសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលបានចូលរួមយ៉ាងសកម្មក្នុង ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាពិសេស ការធ្វើចត្តឡីស័កឲ្យបានហ្មត់ចត់ ចំពោះបងប្អូនដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ចូលមកស្រុកកំណើតវិញ។
លោកជំទាវក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺមួយនេះ។ លោកជំទាវបានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
អំណោយដែលត្រូវផ្តល់ ជូនពលរដ្ឋទាំង៣៥គ្រួសារ រួមមាន ៖ អង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សាប៊ូ២ដុំ ក្រម៉ា ១ អាវយឺត ២ ម៉ាស់ ១ និងថវិកាធ្វើដំណើរចំនួន៤ម៉ឺនរៀលផងដែរ ៕