ករណីប្លន់សម្លាប់អ្នករត់ម៉ូឌុបនៅស្រុកមេសាង ខេត្តព្រៃវែង, កម្លាំងនគរបាលបន្តតាមចាប់ខ្លួនបក្ខពួកបាន ២នាក់ទៀត

(ព្រៃវែង)៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះថា ករណីប្លន់សម្លាប់អ្នករត់ម៉ូតូឌុបនៅស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលរបស់លោកបន្តចាប់ខ្លួនបានបក្ខពួក២នាក់ទៀត។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «ក្រោយការសួរនាំជនដៃដល់ ដែលចាប់បានកាលពីម្សិលមិញនោះ កម្លាំងនគរបាលរបស់យើង បានសហការគ្នាតាមទៅយកបាន២នាក់ទៀតជាបក្ខពួក ហើយនៅពេលនេះកំពុងធ្វើការសួរនាំ ដើម្បីចាត់ការតាមច្បាប់»។

សូមបញ្ជាក់ថា ករណីប្លន់សម្លាប់អ្នករត់ម៉ូតូឌុបនៅស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលបានបើកប្រតិបត្តិការតាមចាប់ខ្លួនបាន នៅវេលាម៉ោង ២១៖១៥នាទីថ្ងៃទី២២ ខែមិថុនា និងត្រៀមបញ្ជូនទៅកាន់តុលាការកាត់ទោសតាមច្បាប់។

លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង ទទួលផែនព្រហ្មទណ្ឌបានប្រាប់ភ្នាក់ងារ Fresh News ថា ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ ស្នងការនគរបាលខេត្ត, លោកបានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកមេសាង សហការជាមួយកម្លាំងជំនាញនគរបាលខេត្ត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងប៉ុស្តិ៍នគរបាលស្រះចក បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នងមន្ទីរពេទ្យកាល់ម៉ែត។

ជនសង្ស័យមានឈ្មោះ បាន កាន អាយុ៣០ឆ្នាំ រស់នៅភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង បានប្លន់សម្លាបជនរងគ្រោះឈ្មោះ ភី ឃុន អាយុ៤៩ឆ្នាំ នៅភូមិព្រេជ ឃុំច្រេស ស្រុកមេសាង កាលពីយប់ម៉ោង ២៣៖៣៥នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង។

លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបន្តថា ពេលចាប់ឃាត់ខ្លួន កម្លាំងជំនាញបានដកហូតវត្ថុតាងដែលជារបស់ជនរងគ្រោះម៉ូតូសេ១២៥ ពណ៌ខ្មៅ ១គ្រឿង និងទូរសព្ទ័ដៃម៉ាកណូគា ១គ្រឿង៕(ប្រភព fresh News live).