Latest News

នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមការងាររាជរដ្ឋាភិបាលដើម្បីដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ និងផែនការសកម្មភាពចុះគាំទ្រការងារមូលដ្ឋាន ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្ដមលោកជំទាវប្រធានក្រុមការងារចុះជួយក្រុង ស្រុកទាំង ៨ នៃខេត្តស្វាយរៀង ។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានស្នើឲ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមអនុវត្តវិធានការមួយចំនួនដូចខាងក្រោម ៖
១.ត្រូវចាត់តាំងអនុវត្តឲ្យបានផុសផុល និងសកម្មនូវ ៖
-ទី១.សារាចរណែនាំលេខ ០១ សរណន ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការ​បង្ការ និងទប់ស្កាត់​ការរាតត្បាតនៃជំងឺកូវីត-១៩
-ទី២.សេចក្តីណែនាំលេខ ០៣៩ សខល ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្តីពី​នីតិវិធីដាក់ខ្លួនឲ្យនៅដាច់ដោយ​ឡែក​ក្នុង​រយៈពេល ១៤ថ្ងៃ ដើម្បីបង្ការ និង​ទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមផ្ទះជាលក្ខណៈបុគ្គល
-ទី៣.លិខិតលេខ ១០០៧ សជណ ចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ។
២. ​ត្រូវបែងចែកជាក្រុមការងារតូចៗឲ្យចុះតាមខ្នងផ្ទះ ដើម្បីពន្យល់ ណែនាំ​អំពីវិធានការការពារជំងឺ​ តាម​ការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស វិធានការអនាម័យងាយៗ ដូចជា ការលាងសម្អាតដៃ​ឲ្យបាន​ញឹកញាប់ និងការរក្សា​អនាម័យខ្លួនប្រាណឲ្យបានជាប់ជាប្រចាំ ។
៣. ត្រូវយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើការចំណាកស្រុក ត្រលប់មកស្រុកកំណើតវិញ ត្រូវដាក់ឲ្យដាច់ដោយឡែក ១៤ថ្ងៃ ។ ក្នុងករណី​មាន​លទ្ធភាពបន្ថែម ក្រុមការងារគួរផ្តល់ជូនផងដែរនូវ សាប៊ូ ក្រម៉ា​​ គ្រឿងឧបភោគ បរិភោគ សម្រាប់ឧបត្ថម្ភដល់ពួកគាត់ដែលទើបនឹងត្រលប់មកពីក្រៅប្រទេសតាមលទ្ធភាពជាក់ស្តែង ដែលអាចធ្វើបាន ក្នុងកាលៈទេសៈដែលពួកគាត់ពុំបានប្រកបរបអាជីវកម្មផ្សេងសម្រាប់ក្រុមគ្រួសារ ។
៤. មន្ទីរសុខាភិបាលខេត្តស្វាយរៀង ត្រូវយកចិត្តទុកដាក់​ក្នុង​ការទទួលពិនិត្យ និងព្យាបាលចំពោះករណី​អ្នកដែលមានរោគសញ្ញាកូវីត-១៩ ។ ជាពិសេស ពង្រឹងមន្ទីរពេទ្យបង្អែកក្រុង ស្រុក និងមណ្ឌលសុខភាព ឃុំ សង្កាត់ តាមរយៈ លេខទូរសព្ទ ១១៥ ។
៥. ត្រូវពិនិត្យលទ្ធភាព ក្នុងការឧបត្ថម្ភគាំទ្រសម្ភារ និងថវិកា​ដល់​រដ្ឋបាល​ក្រុង-ស្រុក និងឃុំ-សង្កាត់​នីមួយៗ ដើម្បីមានលទ្ធភាពធ្វើសកម្មភាព​​ផ្ទាល់នៅ​មូលដ្ឋាន ក្នុងការកាត់បន្ថយ និងបង្ការទប់ស្កាត់ការរាតត្បាតជំងឺ រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីត-១៩ នៅភូមិសាស្ត្រខេត្តស្វាយរៀង។
៦. អាជ្ញាធរខេត្តត្រូវណែនាំដល់អាជ្ញាធរឃុំ សង្កាត់ ភូមិ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យ ជាប្រចាំ​ ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រលប់មកពីក្រៅប្រទេសវិញ អនុវត្តវិធានការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ បានត្រឹមត្រូវតាមនីតិវិធីដែលបានកំណត់ ។ ក្នុងនោះអាជ្ញាធរក្រុង ស្រុក ត្រូវតាមដាន និងជួយគាំទ្រដល់អាជ្ញាធរឃុំ សង្កាត់ ភូមិ នៅក្នុងការបែងចែកអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយអនុវត្តនូវវិធានការសរុប មធ្យោបាយសរុប កម្លាំងសរុប ជាពិសេស ប្រើប្រាស់កម្លាំងប្រជាការពារភូមិក្នុងការថែរក្សា ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ផងដែរ ។
៧. អាជ្ញាធរខេត្តត្រូវណែនាំដល់អាជ្ញាធរក្រុង ស្រុក​ ឃុំ​ សង្កាត់ ភូមិ ឲ្យសហការគ្នាបង្កើនសកម្មភាពបិទផ្សាយផ្ទាំងរូបភាព និងចាក់មេក្រូ ផ្សព្វផ្សាយសារសម្លេងអប់រំរបស់គណៈកម្មាធិការជាតិ​ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីត-១៩ នៅមូលដ្ឋានរៀងៗខ្លួន ជាពិសេស ភូមិ ឃុំ សង្កាត់ ដែលមានបងប្អូនប្រជាពលរដ្ឋច្រើនដែលទើបនឹងត្រលប់មកពីក្រៅប្រទេសវិញ៕