លោក ជា ភា​ជបើក​កាស៊ីណូ​ហេ​រ៉ូ​777​របស់លោក ជា ភា​ជ​ក្បែរ​ច្រក​បន្ទាយ​ចក្រី​គ្មាន​អាជ្ញាប័ណ្ណ​លោក ជា សុ​មេធី និង​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង លោក ព្រុំ សន្ធរ កំពុង​រក្សា​ភាពស្ងប់ស្ងាត់​?

ប្រភព​ដែល​ស្និទ្ធ​នឹង​ម្ចាស់​កាស៊ីណូ​ហេ​រ៉ូ 777 បានឲ្យដឹងថា ម្ចាស់​កាស៊ីណូ​នេះ អាង​មាន​ខ្នងបង្អែក រឹងមាំ​ទើប ហ៊ាន​ធ្វើ​អ្វីៗ ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន ជាពិសេស​បើក​ល្បែង​បញ្ជល់មាន់ ហើយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែ​រចូ លលេង​យ៉ាង​គ​គ្រឹ កគ គ្រេង​ចាប់តាំងពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៨ រហូតដល់​បច្ចុប្បន្ន​។

ប្រសិន​បើ​ម្ចាស់​កាស៊ីណូ​ហេ​រ៉ូ 777 គ្មាន​ខ្នង បង្អែក​រឹងមាំ​ទេនោះ គឺ​គេ​មិន​ហ៊ាន​បើក​លេង​ល្បែងស៊ីសង​ដោយ​មិនទាន់​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ពាក់ព័ន្ធ​បែប​នេះ​ឡើយ ហើយ​អភិបាលខេត្ត​ព្រៃវែង លោក ជា សុ​មេធី និង​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង លោក ព្រុំ សន្ធរ កំពុង​រក្សា​ភាពស្ងប់ស្ងាត់​។ ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បាន​លើកឡើង​ថា ចាប់តាំងពី​កាស៊ីណូ​ហេ​រ៉ូ​777 បើក​ដំណើរការ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ គឺ​បទល្មើស​ផ្សេងៗ​ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​កើត​ឡើង​គួរ​ឲ្យ​ភ័យខ្លាច ជា​ពិសេស​អំពើ​ចោរកម្ម ហេតុនេះ​លោក ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង គួរ​ចាត់វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​ដើម្បី​ឲ្យស្រប​ទៅ​តាម​គោល​នយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បានឲ្យដឹងថា ល្បែងស៊ីសង​ច្រើន​ប្រភេទ​កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង​នៅ​ក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 របស់លោក ជា ភា​ជ ក្បែរ​ច្រក​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បើ​ទោះបី​មិន​ទាន់​ទទួលបាន​អាជ្ញាប័ណ្ណ​ក៏ដោយ​។
​ប្រភព​បានឲ្យដឹង​ទៀត​ថា​កាស៊ីណូ​ហេ​រ៉ូ​777 ស្ថិតនៅក្នុង​ភូមិ​ក​គោ ភូមិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បាន​បើក​លេង​ល្បែងស៊ីសង​ជាង​៥​ខែ​មក​ហើយ ទោះបី​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​អនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​យ៉ាងណាក៏ដោយ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​លោក ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ដើម្បី​កុំឲ្យ​លោក ជា ភា​ជ ម្ចាស់​កាស៊ីណូ​ហេ​រ៉ូ​777 ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​បន្តទៀត​។​

​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ស្រុក​ព្រះស្ដេច បាន​បង្ហើប​ឲ្យដឹងថា លោក ជា ភា​ជ មាន​ត្រឹម ស​.​ជ​.​ណ ពី​ទីស្ដីការគណៈរដ្ឋមន្ត្រី សម្រាប់​សាងសង់​មជ្ឈមណ្ណល​កម្សាន្ត​ភោជនីយដ្ឋាន​សណ្ឋាគារ ក្លឹប​ម៉ាស្សា និង​កន្លែង​ភ្នាល់​ល្បែង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ជាក់ស្ដែង​នៅ​ក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 មាន​ល្បែងស៊ីសង​ច្រើន​ប្រភេទ​កំពុង​ដំណើរការ​យ៉ាងរ​លូន បើ​ទោះបី​មិន​ទាន់​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​យ៉ាងណាក៏ដោយ​។
​លើស​នេះ​ទៅទៀត​នៅ​ក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 មាន​ល្បែង​បញ្ជល់មាន់​យ៉ាង​ពេញបន្ទុក ហើយ​ម្ចាស់​កាស៊ីណូ​បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ស្រេច​តែ​អំពើ​ចិត្ត ដូច្នេះ​លោក ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។