ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អភិបាលរង​ ​ខេត្ត​ស្វាយរៀង​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្ដីអំពី “​ផ្សព្វផ្សាយ​អំពី​យន្តការ​នៃ​ការទូទាត់​ចំណាយ​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ​

​ស្វាយរៀង​÷​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​យន្តការ​នៃ​ការទូទាត់​ចំណាយ​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ​រវាង ប​.​ស​.​ស និង​មូលដ្ឋាន​សុខាភិបាល​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ប​.​ស​.​ស នៅ​ថ្ងៃ​សុក្រ ១២​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩
​ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង តំណាង​ឯកឧត្ដម​អភិបាលខេត្ត បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្ដីអំពី “​ផ្សព្វផ្សាយ​អំពី​យន្តការ​នៃ​ការទូទាត់​ចំណាយ​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ​រវាង ប​.​ស​.​ស និង​មូលដ្ឋាន​សុខាភិបាល​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ប​.​ស​.​ស “ ។ ​ក្នុងនោះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​ប្រធានការិយាល័យ​ថែទាំ​សុខភាព​នៃ​បស​ស លោក​ប្រធានការិយាល័យ​ប​.​ស​.​ស​សាខា​ខេត្ត​ស្វាយរៀង លោក លោកស្រី ជា​មន្ត្រី​នៃ​អង្គភាព​បស​ស លោក លោកស្រី ជា​តំណាង​មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព ចំណុះ​រដ្ឋបាលខេត្ត វិស័យ​សុខាភិបាល​ឯកជន និង​មូលដ្ឋាន​សុខាភិបាល​ចុះ​កិច្ចព្រមព្រៀង សរុប​អ្នកចូលរួម​ប្រមាណ​ជាង ១៤០​នាក់​។

​អង្គសិក្ខាសាលា​ធ្វើឡើង​ក្នុង​គោលបំណង​ចូលរួម​ចំណែក​ផ្តល់​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ការយកចិត្តទុកដាក់​ចំពោះ​កម្មករ កម្មការិនី មន្ត្រីរាជការ អតីតយុទ្ធជន ដែល​មាន​ប័ណ្ណ បស​ស ជាពិសេស​ចូលរួម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​ជីវ​ភាព​កម្មករ កម្មការិនី ដោយ​លើកយក​ចំនុច​សំខាន់​នៃ​
​ដំណើ​ការទូទាត់​សំណង់ ផ្នែក​ថែទាំ​សុខភាព​របស់​បស​ស
​នីតិវិធី​នៃ​ការទូទាត់​សំណង​ជូន​មូលដ្ឋាន​សុខាភិបាល​សាធារណៈ និង​យន្តការ​នៃ​ការទូទាត់ និង​ឯកសារយោង​ក្នុង​ការស្នើ​សុំ​ការទូទាត់​សំណង​។​

​ឯកឧត្ដម​អភិបាលរង​ខេត្ត បាន​សំណូមពរ​ដល់​អង្គភាព​ពាក់ព័ន្ធ​ដូចខាងក្រោម​៖
១-​ការអនុវត្ត​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិតនៅ​ក្រោម​បទ​ប្បញ្ញា​ត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ ហើយ​បស​ស ខិតខំ​ធ្វើ​អោយ​របប​ធានារ៉ាប់រង​ហានិភ័យ​ការងារ និង​របប​ធានារ៉ាប់រង​ថែទាំ​សុខភាព ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​ដើម្បី​ធានា​ការផ្តល់​សេវា​ឱ្យមាន​ប្រសិទ្ធិភាព តាមរយៈ​ការផ្តល់​ឱកាស​ឱ្យ​វិនិយោជក​ចូលរួម​កិច្ចប្រជុំយ៉ាង​តិច ១​ដង ក្នុង​១​ឆ្នាំ សម្រាប់​ជា​មូលដ្ឋាន​ផ្សព្វផ្សាយ​ដល់​និយោជក ម្ចាស់​សហគ្រាស គ្រឹះស្ថាន និង​កម្មករ​និយោជិត​ឱ្យ​យល់​ពី​សិទ្ធិ​របស់​ខ្លួន ។​

២-​និយោជក នាយក ម្ចាស់​សហគ្រាស គ្រឹះស្ថាន ទាំងអស់​សូម​ចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិតនៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ ឲ្យមាន ប្រសិទ្ធភាព​ខ្ពស់ និង​ត្រូវ​មក​ចុះ​បញ្ជិកា សហគ្រាស គ្រឹះស្ថាន និង​កម្មករ​និយោជិត និង​បង់​ភាគទាន​បាន​ទាន់ពេលវេលា សម្រាប់​របប​ធានារ៉ាប់រង​ហានិភ័យ​ការងារ និង​របប​ធានារ៉ាប់រង​សុខភាព ដើម្បី​កុំឲ្យ​បាត់បង់​ដល់​អត្ថប្រយោជន៍​រប​ស់កម្មករ​និយោជិត​។​

៣- គ្រប់​មូលដ្ឋាន​សុខាភិបាល​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ បស​ស ជំរុញ​ពង្រឹង និង​អនុវត្ត​តួនាទី​របស់​ខ្លួន​ក្នុង​ការផ្តល់​សេវា​ជូន​សមាជិក និង​ប្រជាពលរដ្ឋ ឱ្យមាន​គុណភាព ប្រសិទ្ធិភាព និង​ទាន់​ពេលវេលា​។​

៤-​សូម​ឲ្យ​អង្គភាព មន្ទីរ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ខេត្ត ចូលរួម​សហការ​ជាមួយ​អង្គភាព​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ក្នុង​ការអនុវត្ត​ច្បាប់​នេះ​ឲ្យមាន​ប្រសិទ្ធភាព​ដើម្បី​ចូលរួមចំណែក អភិវឌ្ឍន៍​សង្គម​ជាតិ​យើង​ឲ្យមាន​ការរីកចំរើន និង​ភាពសុខដុមរមនា​។​
​ដោយ ហែម សុខ​