​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា​ស្រុក​ទឹកឈូ ខេត្ត​កំពត អាណត្តិ​ទី​៣

(​ខេត្ត​កំពត​) នៅ​ព្រឹក​ថ្ងៃ​សុក្រ ១២​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា ស្រុក​ទឹកឈូ ខេត្ត​កំពត អាណត្តិ​ទី​៣ ។​

​អញ្ជើញ​ចូលរួម​ក្នុង​ធិ​ធី​នេះ​មាន លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត កងកម្លាំង​ទាំង​៣ លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោកនាយក នាយក ទីចាត់ការ ចំណុះ​សាលាខេត្ត ក្រុមប្រឹក្សា​ស្រុក គណ​:​អភិបាលស្រុក ប្រធាន​ការិយាល័យ​ចំណុះ​សាលាស្រុក មេឃុំ សរុប​ប្រមាណ ២៣០ នាក់​។​

​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ស្រុក​ទឹកឈូ ខេត្ត​កំពត អាណត្តិ​ទី​៣ មាន​ចំនួន​សមាជិក​ចំនួន​២១​រូប ស្រី ០៥​រូប ដែល​មាន​លោក សៅ សំបូរ ជា​ប្រធាន​។​

​ក្នុង​ឱកាស​នេះ ថ្លែង​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា លោក ជាវ តា​យ អភិបាល នៃ​គណ​:​អភិបាល​ខេត្ត​កំពត បាន​ថ្លែង​អបអរសាទរ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ស្រុក​ទឹកឈូ ដែល​ត្រូវបាន​តំណាង​ប្រជាពលរដ្ឋ គឺ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ដើម្បី​បន្ត​ដឹកនាំ​ខេត្ត​កំពត ឲ្យ​បន្ត​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត ដោយ​ត្រូវតែ​ខិតខំ​បម្រើ​ផលប្រយោជន៍ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ស្មើភាព យុត្តិធម៌ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​៕