កិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យលើអាជីកម្មបូមខ្សាច់ បកខ្សាច់ ដេប៉ូស្តុកខ្សាច់ និងដឹកខ្សាច់ក្នុងភូមិខេត្តកណ្ដាល

ខេត្តកណ្តាល៖ រសៀលថ្ងៃទី១២ ខែមីនា ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំ កិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យលើអាជីកម្មបូមខ្សាច់ បកខ្សាច់ ដេប៉ូស្តុកខ្សាច់ និងដឹកខ្សាច់ក្នុងភូមិខេត្តកណ្ដាល។ ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូល ពីអភិបាលក្រុង ស្រុក ទាំង១១ក្នុងខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធនានាជុំវិញខេត្ត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្ដម នៃ ចារី បានលើកឡើងថា ការធ្វើអាជីវកម្មរ៉ែ ជាផ្នែកមួយ នៃចំណូលសេដ្ឋកិច្ចយ៉ាងសំខាន់ ប៉ុន្តែជាទូទៅ ជៀសមិនផុតពីផលប៉ះពាល់ផ្សេងៗ ចំពោះបរិស្ថាន សង្គម និងជាពិសេសចំពោះសហគមន៍មូលដ្ឋានឡើយ។ ដូច្នេះខេត្ត បានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង ក្នុងការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រង និងតាមដានត្រួតពិនិត្យលើកការអនុវត្ត និងការធ្វើសកម្មភាពអាជីវកម្មធនធានរ៉ែ ឱ្យមានប្រសិទ្ធភាព។

បន្ទាប់ពីស្ដាប់របាយការណ៍ និងបញ្ហាប្រឈមនានា ទាក់ទងទៅនឹងការធ្វើអាជីកម្មបូមខ្សាច់ បកខ្សាច់ ដេប៉ូស្តុកខ្សាច់ និងដឹកខ្សាច់ របស់ស្រុក ក្រុង រួចមក ឯកឧត្ដម នៃ ចារី អភិបាលរងខេត្ត បានណែនាំដល់ ស្រុក ក្រុង និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹង៖
• ការអនុវត្តច្បាប់ ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ។
• ពង្រឹងការគ្រប់គ្រង ការទប់ស្កាត់ និងលុបបំបាត់អាជីវកម្មបូមខ្សាច់ បកខ្សាច់ ដេប៉ូស្តុកខ្សាច់ និងដឹកខ្សាច់ ដែលធ្វើអាជីវកម្មខុសច្បាប់ និងមិនគោរពបទដ្ឋានបច្ចេកទេស នៅក្នុងមូលដ្ឋានរបស់ខ្លូន។
• ត្រូវធ្វើការវាយតម្លៃលើស្ថានភាព នៃការគ្រប់គ្រងអាជីវកម្មរ៉ែ ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅបង្កើនចំណូលជាតិ ពិសេសកំណត់អោយបាននូវចំនួនទីតាំងអាជីវកម្ម ចំនួនអាជ្ញាប័ណ្ណដែលផ្ដល់ដោយក្រសួង ផ្ដល់ដោយខេត្ត និងផ្ដល់ដោយក្រុង ស្រុក។

ឯកឧត្ដមអភិបាលរងខេត្ត បានស្នើអោយអាជ្ញាធរស្រុក ក្រុង ត្រូវមានវិធានការផ្សព្វផ្សាយអប់រំ ណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវគោរពច្បាប់ និងបទដ្ឋានបច្ចេកទេស ត្រូវធ្វើយ៉ាងណាអោយ ការដឹកដី ដឹកខ្សាច់ និងដឹកថ្ម នៅក្នុងមូលដ្ឋាន មិនអោយមាន ជ្រុះធ្លាក់ ហុយដី និងស្រកទឹកនៅលើផ្លូវ ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយអនុវត្តអោយបាននូវប្រកាសលេខ០៣១០របស់ក្រសួងរ៉ែ និងថាមពល ស្ដីពីការគ្រប់គ្រងការដឹកដី ដឹកខ្សាច់ និងដឹកថ្មអោយមានប្រសិទ្ធភាពខ្ពស់។