ល្បែងបញ្ជាល់មាន់​ដុះ​ស្លែ​បង្កប់​ក្នុង​កាស៊ីណូដាយអឹមិនស្គូន បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ វៀតណាម លំហូរ​ចូល​លេង​ល្បែងស៊ីសង ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​រាល់ថ្ងៃ ខ្លះ​មាន​ប៉ាស្ព័រ ខ្លះ​អត់​ប៉ាស្ព័រ !

(កណ្ដាល)÷​ប្រភព​ពី​ប្រជាពលរដ្ឋ រស់​នៅ​ជាប់​ខ្សែបន្ទាត់​ព្រំដែន ភូមិ​ក្អម​សំណ ឃុំ​ក្អម​សំណ ស្រុក​លើកដែក ខេត្ត​កណ្តាល បាន​បញ្ជាក់​ឲ្យដឹងថា​ ម្ចាស់​កាស៊ីណូ ដាយអឹមិនស្គូនកំពុង​បន្ត​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​វៀតណាម ចូល​លេង​ល្បែង​ចាក់​លុយភ្នាល់​ស៊ីសង​ខុសច្បាប់ ច្រើន​ប្រភេទ យ៉ាង​គគ្រឹកគគ្រេង​ជា​រៀង​រាល់ថ្ងៃយ៉ាងគំហុក ដូច​ជា​ ល្បែង​បញ្ជល់មាន់ បៀ អាប៉ោង និង​យូគី រីឯ​លោក មេ ប៉ុស្តិ៍​នគរបាល​ច្រក​ព្រំដែន​ក្អម​សំណ មិន​ហ៊ាន​ប៉ះពាល់​នោះទេ​។​

​ទោះបី​រាជរដ្ឋាភិបាល​កម្ពុជា​កន្លង​មក​ណែនាំ​ចូលរួ​ម​ទប់ស្កាត់​ឲ្យ​បិទ​ល្បែង​ភ្នាល់​ចាក់​លុយសុីសង​ខុសច្បាប់​គ្រប់​ប្រភេទ បែរ​ម្ចាស់​កាស៊ីណូ​ដាយអឹមិនស្គូន និង​អាជ្ញាធរ​ពាក់ព័ន្ធឲ្យ​មាន​ល្បែង​បញ្ជាល់មាន់ ក្នុង​ដែនដី​របស់​ខ្លួន​ទៅវិញ​។​

​​តាម​ការ​បង្ហើប​ពី​អ្នក​ធ្លាប់​ចូល​ទៅ​លេង ក្នុង​កាស៊ីណូ​ ដាយអឹមិនស្គូនបានឲ្យដឹងថា ម្ចាស់​កាស៊ីណូ​មួយនេះ មានខ្នងបង្អែកនៅ​ពីក្រោយ​ ទើប​អាច​បើក​ល្បែង​បញ្ជល់មាន់ បៀ អាប៉ោង យូគី ហើយ​កៀងគរ​ពលរដ្ឋ​ខ្មែរ ឲ្យចូល​លេងល្បែង​យ៉ាង​ពពាក់ពពូន​ មិនទាន់មានការទប់ស្កាត់។​

​ប្រភព​នេះ​បាន​បង្ហើប​ឲ្យដឹងថា មានការបេីកភ្លើងខៀវពី​មន្ត្រី​អាជ្ញាធរ ពាក់ព័ន្ធ
ផងដែរ ទើប​ម្ចាស់​កាស៊ីណូ​ដាយអឹមិនស្គូន ហ៊ាន​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​ល្បែងបញ្ជាល់មាន់ស៊ីសងខុសច្បាប់តាមអំពើចិត្ត ហើយ​ម្ចាស់​កាស៊ីណូ ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយ​ថ្ងៃៗ​។​

​ប្រជាពលរដ្ឋ រស់នៅ ក្នុងភូមិ​ក្អមសំណ ឃុំ​ក្អម​សំណ ស្រុក​លេីក​ដែក អំពាវនាវដល់ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ លោក គួច ចំរើន អភិបាលខេត្ត​កណ្តាល ព្រមទាំង លោក ឈឿន សុ​ចិត្រ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ ចុះមកត្រួតពិនិត្យ​ភាពមិនប្រក្រត្រី ម្ចាស់​កាស៊ីណូ ដាយអឹមិនស្គូននិង​បក្សពួក​អ្នកញៀន​ល្បែងបញ្ជាល់មាន់ មាន​វិធានការ​បង្ក្រាប ជាបន្ទាន់ ដេីម្បីបង្រឹង​សន្តិសុខ​សង្គម​សណ្ដាប់ធ្នាប់
ជូន​ពលរដ្ឋ ក្នុង​មូលដ្ឋាន​ឱ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពមានលក្ខណៈសម្បត្តិ 7 យ៉ាង៕