ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្ត និងអាជ្ញាធរជុំវិញខេត្ត ព្រមទាំងមន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ជាច្រើនរូបទៀត។

ពិធីនេះធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សេចក្ដីទុកចិត្តធ្វើការសម្រួលភារកិច្ចជូន លោក ជិញ គួង អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ដែលត្រូវបានផ្ទេរទៅកាន់មន្ទីរខេត្តកំពង់ស្ពឺ និងលោក ស៊ូ ស៊ុន្ទរ៉ា អតីតប្រធានមន្ទីរសាធារណការខេត្តកំពង់ស្ពឺ ត្រូវបានផ្ទេរ និងតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបវិញ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមអបអរសាទរចំពោះលោក ជិញ គួង អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្ត មើលឃើញពីគុណវុឌ្ឍ និងភាពប៉ិនប្រសប់ការងារ ទើបសម្រេចតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនាពេលនេះ និងសូមឱ្យលោកប្រធានមន្ទីរថ្មីបន្តប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្មជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ ដែលបានដាក់ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។

សូមគូសបញ្ជាក់ថា ការសម្រួលភារកិច្ចប្រធានមន្ទីរនាពេលនេះ គឺដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងប្រសិទ្ធភាពការងារលើវិស័យសាធារណការ និងដឹកជញ្ជូននៅថ្នាក់ក្រោមជាតិ ទាំងទៅលើការងារគ្រប់គ្រងទូទៅ ការងារសាងសង់គ្រប់គ្រងបច្ចេកទេស និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត៕