
នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំពិធីប្រកាសទទួលស្គាល់ សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តស្វាយរៀង អាណត្តិទី១ លើកទី២ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត តំណាងសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានទីស្នាក់ការច្រកទ្វារព្រំដែន មេបញ្ជាការវរៈការពារព្រំដែន អាជីវករ ពាណិជ្ជករ និងតំណាងតំបន់សេដ្ឋកិច្ចពិសេសនានាក្នុងខេត្ត ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងនូវការកោតសសើចំពោះមន្ទីរពាណិជ្ជកម្មខេត្ត ដែលបាន ខិតខំសហការរៀបចំបង្កើតសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសម្ដែងនូវការអរគុណចំពោះក្រសួងពាណិជ្ជកម្ម ដែលបានជួយសម្របសម្រួល និងគាំទ្រចាប់ពីដំណើរការបោះឆ្នោតជ្រើសរើស និងរៀបចំរចនាសម្ព័ន្ធដឹកនាំរបស់សភាពាណិជ្ជកម្ម នៅលើកទី១ និងនៅលើកទី២នេះ រហូតត្រូវបានរាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ និងប្រកាសជាផ្លូវការនៅថ្ងៃនេះដែលមានលោក សុក រ៉ាដូ ជាប្រធានសភាពាណិជ្ជកម្មខេត្តថ្មី ។
ឯកឧត្ដមអភិបាល បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា សភាពាណិជ្ជកម្មខេត្ត នឹងដើរតួនាទីដ៏សំខាន់ ជាយន្តការជួយគាំទ្រដល់ការអនុវត្តគោលនយោបាយកៀរគរការវិនិយោគរបស់រាជរដ្ឋាភិបាលបានកាន់តែជោគជ័យថែមទៀត ជាពិសេសក្នុងការការពារនូវផលប្រយោជន៍ជូនដល់ឧស្សាហករ ពាណិជ្ជករ អាជីវករ និងកសិករនៅក្នុងខេត្ត ។
ក្នុងឱកាសនោះ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថាសភាពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាយើងកើតឡើងដោយការបោះឆ្នោតជ្រើសតាំង មិនមែនកើតឡើងដោយការតែងតាំងនោះទេ ចំណុចនេះហើយដែលធ្វើឲ្យក្រុមអាជីវករទាំងអស់មានការពេញចិត្ដ និងសប្បាយចិត្ដ ដោយសារតែលទ្ធផលដែលចេញមក គឺមានភាពត្រឹមត្រូវ និងយុត្ដិធម៌បំផុត ។ ជាមួយនេះឯកឧត្ដម ក៏បានផ្ដាំផ្ញើដល់សភាពាណិជ្ជកម្មខេត្ដស្វាយរៀង ត្រូវធ្វើយ៉ាងណាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីដំណើរការទៅមុខឲ្យបានជោគជ័យ និងរលូនជានិច្ច ។
សូមបញ្ជាក់ថា យោងអនុក្រឹត្យលេខ ០៨ អនក្រ.តត ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ត្រូវបានទទួលស្គាល់សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តស្វាយរៀង ចំនួន ១៥រូប ដែលមានលោក សុក រ៉ាដូ ជាប្រធានសភាពាណិជ្ជកម្មខេត្តអាណត្តិទី១ លើកទី២ ។