ក្រសួងអប់រំយុវជន និងកីឡា សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

នារសៀលថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម​ ឯកឧត្តម  អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ​គណៈកម្មការដឹកនាំ គ្រប់គ្រង ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុខមាលភាព សម្រាប់ដំណើរការ នៃការប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ គណៈកម្មការខេត្ត  ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

កិច្ចប្រជុំបានដាក់ចេញនូវគោលការណ៍ ចំនួន៤ ចំណុចសំខាន់ រួមមាន:
១-ផ្អាកជាបណ្ណោះអាសន្នចំពោះទីតាំងអាជីកម្មថតចម្លង ឯកសារអុីនធឺណេត និងអាជីវកម្ម លក់សម្ភារសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។

២-ផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ភោជនីយដ្ឋាន អាហារដ្ឋាន ការដ្ឋានសំណង់នានាដែលស្ថិតនៅក្នុង និងជុំវិញបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។

៣-ទីតាំងអាជីវកម្មផ្សេងទៀតដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេងរំខាន ឫសកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។

៤-សម្រាប់ការផ្ញើទោចក្រយានយន្ត កង់-ម៉ូតូ នៅតាមមណ្ឌលប្រឡង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម សម្របសម្រួល ជាកម្លាំងសន្តិសុខ មើលការខុសត្រូវ ទទួលផ្ញើមិនតម្រូវឱ្យបង់ប្រាក់ឡើយ៕