
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៤ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៣
កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នេះ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ក្របខណ្ឌឆ្នាំ២០១៩ ជំនាន់ទី១៤ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៣ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានសិស្សនាយនគរបាលនិងសិស្សនាយនគរបាលរង សរុបចំនួន២០០នាក់ នារីចំនួន៣៣នាក់។
តាមរយៈរបាយការណ៍របស់លោកនាយកសាលានគរបាលជាតិភូមិភាគ៣ បានឱ្យដឹងថា សិស្សនគរបាល វគ្គកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៤ លើកទី២ នេះ គឺមកពីអង្គភាពចំនួនពីរ គឺ៖ ១. អង្គភាពអន្តរាគមន៍ ចំនួន១០០នាក់ ២. អង្គភាពតម្រួតបទបញ្ជា ចំនួន១០០នាក់ ដោយត្រូវសិក្សាមានរយៈពេល៤ខែ។
ជាកិច្ចដំបូង ឯកឧត្តម នាយឧត្តមសេនីយ៍ ឯក មនោសែន បានសម្តែងនូវការសាទរចំពោះសិស្សនគរបាលទាំងអស់ដែលបានប្រឡងជាប់ជាស្ថាពរ ឱ្យចូលបម្រើក្របខណ្ឌមន្ត្រីនគរបាលជាតិ ក្រសួងមហាផ្ទៃនាឱកាសនេះ។
ទន្ទឹមនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់របស់លោកនាយកសាលានគរបាលជាតិភូមិភាគ៣ និងមន្រ្តីក្រោមឱវាទ ក្នុងការគ្រប់គ្រងនិងចាត់ចែងដំណើរការវគ្គបណ្តុះបណ្តាលនេះ ឱ្យដំណើរការទៅល្អប្រសើរ ផ្អែកតាមផែនការគ្រប់គ្រងវគ្គ។
ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម បានទាញការចាប់អារម្មណ៍ពីអង្គពីធីទាំងមូលឱ្យបានជ្រាបថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់លើគ្រប់វិស័យ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយផ្ដោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងគ្រប់ប្រភេទ ក្នុងបរិបទសាកលភាវូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ឯកឧត្តមបានថ្លែងបន្តទៀតថា ដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវផែនការអភិវឌ្ឍធនធានមនុស្សនិងផែនការជ្រើសរើសមន្រ្តីនគរបាលបន្តវេន ព្រមទាំងបានផ្ដល់ការគាំទ្រគ្រប់បែបយ៉ាង ទាំងស្មារតី សម្ភារ និងហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ពង្រឹងគុណភាពអប់រំបណ្ដុះបណ្ដាល និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ដល់មន្ដ្រីនគរបាលជាតិនិងមន្ដ្រីពន្ធនាគារ ឱ្យស្របតាមតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំង និងធានាបាននូវភាពម្ចាស់ការលើការងារបណ្ដុះបណ្ដាល ដោយកាត់បន្ថយការបញ្ជូនមន្ត្រីនគរបាលជាតិទៅសិក្សាឬបណ្ដុះបណ្ដាលនៅក្រៅប្រទេស។
ឯកឧត្តមបានថ្លែងបញ្ជាក់បន្ថែមថា តាមគោលការណ៍ដែលមានចែងក្នុងព្រះរាជក្រឹត្យ ស្ដីពីលក្ខន្តិកៈ ដោយឡែកនៃក្របខណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា បេក្ខជនទាំងពីរភេទដែលបានប្រឡងជាប់ជាស្ថាពរទាំងអស់ ចាំបាច់ត្រូវតែឆ្លងកាត់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា មុនចេញទៅបម្រើការនៅតាមអង្គភាពនានា ក្នុងទូទាំងប្រទេស។ ដូច្នេះហើយ ទើបមាន«វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល» នេះសម្រាប់ប្អូនៗទាំងអស់គ្នានាពេលនេះ ហើយវាគឺជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់ជីវិតរបស់ប្អូនម្នាក់ៗដែលបានប្រែក្លាយខ្លួនពីភាពជាជនស៊ីវិល មកជាសិស្សនាយនគរបាល សិស្សនាយនគរបាលរង ហើយនឹងក្លាយជាកងកម្លាំងនគរបាលជាតិកម្ពុជាពេញលក្ខណៈតាមរយៈការប្រកាសតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ក្រោយបញ្ចប់វគ្គសិក្សានិងប្រឡងជាប់ស្ថាពរពីវគ្គបណ្ដុះបណ្ដាលនេះ។ ប៉ុន្តែ បើប្អូនៗមិនបានប្រឡងជាប់ជាស្ថាពរទេ នោះប្អូនៗ នឹងមិនត្រូវបានប្រកាសតាំងស៊ប់ ដើម្បីក្លាយជាមន្ត្រីនគរបាលពេញលក្ខណៈនោះទេ។ ឯកឧត្តម នាយឧត្តមសេនីយ៍បានបញ្ជាក់យ៉ាងដូច្នេះ។
ឯកឧត្តមបានបញ្ជាក់ជូនដល់សិស្សនគរបាលថា បណ្ឌិត្យសភាបានប្រកាន់ខ្ជាប់នូវគោលការណ៍បីយ៉ាង គឺ ៖ ១. គោលការណ៍សមធម៌ ២. គោលការណ៍មិនលម្អៀង និង៣. វប្បធម៌គុណភាព
– គោលការណ៍សមធម៌ គឺអ្នកដែលខិតខំយកចិត្ដទុកដាក់សិក្សារៀនសូត្រ និងគោរពវិន័យបានល្អ ពិតជាទទួលបានជោគជ័យ និងការលើកទឹកចិត្ដ។
– គោលការណ៍មិនលម្អៀង គឺមិនមានការយោគយល់ ឬ មានការលើកលែង ឬ អនុគ្រោះអ្វីទាំងអស់ចំពោះអ្នកសិក្សាដែលមិនបានគោរពវិន័យនិងមិនបានបំពេញគ្រប់លក្ខខណ្ឌនានាក្នុងការទទួលបានវិញ្ញាបនបត្រ។
– វប្បធម៌គុណភាព គឺវគ្គបណ្ដុះបណ្ដាលនីមួយៗ ផ្ដោតខ្លាំងទៅលើគុណភាព ពោលគឺ “និស្សិត សិក្ខាកាម និងសិស្សទាំងអស់ត្រូវរៀនឲ្យចេះ មិនមែនគ្រាន់តែរៀនឲ្យចប់នោះទេ ” ហើយគុណភាពមិនអាចសម្របសម្រួលបានទេ៕
អត្ថបទនិងរូបភាព ៖ ន.ប.ប![]()
![]()
![]()
![]()
![]()