រថយន្តV1ខ្នាតយក្សដឹកធ្យូងជាច្រើនគ្រឿងក្នុងមួយយប់ៗឆ្លងដែនតាមច្រកជ័យឃ្លាំងទៅប្រទេសវៀតណាមមានការឃុបឃិតពីមន្ត្រីជំនាញពាក់ព័ន្ធ?

រថយន្តដឹកធ្យូងជាច្រើនគ្រឿងក្នុងមួយយប់ៗឆ្លងដែនតាមច្រកជ័យឃ្លាំងទៅប្រទេសវៀតណាម ក្រោមកិច្ចភ្នែកមន្ត្រីនគរបាល
គេនិយាយថា ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ នោះគឺច្បាស់ណាស់ថា ទោះបីជាមានការរិះគន់ និងភស្តុតាងបង្ហាញអំពីបទល្មើស នៃការនាំធ្យូងឆ្លងដែនខុសច្បាប់ទៅប្រទេសវៀតណាមយ៉ាងណាក៏ដោយ ក៏មិនឃើញមានអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការនោះឡើយ។ដូច្នេះអ្នករិះគន់គឺប្រៀបដូចជា ឆ្កែដែលចេះតែព្រុស រីឯបទល្មើស ចេះតែដើរដោយមិនខ្វល់ចំពោះសត្វឆ្កែដែលកំពុងព្រុសនោះឡើយ។ ទីបំផុតធនធានធម្មជាតិនិងត្រូវរលាយ។

ថ្មីៗនេះក្រុមអ្នកឃ្លាំមើលបទល្មើសធនធានធម្មជាតិ បានថតយករូបភាពឡានV1ខ្នាតយក្សចំនួន៣គ្រឿងដឹកធ្យូងរបស់ចែមុំ ដែលកំពុងធ្វើសកម្មភាពដឹកឆ្លងដែនយកលក់នៅទឹកដីប្រទេសវៀតណាមឆ្លងដែនកាត់តាមប៉ុស្តិ៍ការពារព្រំដែនជ័យឃ្លាំងជាចំហរ។
សកម្មភាពល្មើស ច្បាប់នេះ ទំនងមានការរៀបចំចាំបញ្ជាចង្អុលផ្លូវឲ្យឡានដឹកធ្យូងរបស់ ចែមុំ ពីសំណាក់មន្ត្រីនគរបាលច្រកទ្វារព្រំដែន ដើម្បីរកប្រយោជន៍ចែកគ្នាដាក់ហោប៉ៅ ដោយគ្មានរអែងច្បាប់ប្រទេសជាតិឡើយ។

ជារៀងរាល់យប់គេតែងសង្កេតឃើញមានរថយន្តV1ដឹកធ្យូងខុសច្បាប់របស់ចែមុំនិងអ្នកផ្សេងទៀត ពី៣គ្រឿងទៅ៥គ្រឿង ធ្វើសកម្មភាពដឹកធ្យូងឆ្លងដែនជាប្រចាំ។ ប្រភពរាយការណ៍ឲ្យដឹងថា ធ្យូងទាំងអស់នេះដឹកចេញពីចំនុចចាក់ចារ,អូរបោះរបងស្ថិតនៅឃុំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគីរីនិងចេញពីឃុំកន្ទួត១០៥ ស្រុក ចិត្របុរីឬជើងភ្នំឆ្វេរត្រពាំងជ័យ ស្រុកស្នួល ខេត្តក្រចេះ។ រថយន្តខ្នាតយក្សដឹកធ្យូងខុសច្បាប់ទាំងអស់នេះ បានបររត់កាត់មុខស្នាក់ការរដ្ឋបាលព្រៃឈើថ្មពុក មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល,អធិការដ្ឋានគរបាលស្រុកស្នួល និងផ្នែករដ្ឋបាលព្រៃឈើស្រុកស្នួល ឆ្លងកាត់ស្នាក់ការសន្តិសុខ(៧០៩) ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកទ្វារទ្វេភាគីជ័យឃ្លាំង ប៉ុស្តិ៍នគរបាលវរការពារព្រំដែនគ្រប់គ្រងដោយលោកនាយល្បីឈ្មោះដុះស្លែខាងរំលោភអំណាច ជំនាញខាងបង្កើតឲ្យមានបទល្មើសឆ្លងដែនគ្រប់រូបភាព គឺលោក អៀម សុខលីម។

នាយប៉ុស្តិ៍រូបនេះហ៊ានបញ្ជាកូនចៅបើកបារ៉ាស់ព្រំដែនឲ្យឡានដឹកធ្យូងបស់ចែមុំ ឆ្លងដែនទាំងយប់ផ្គើនច្បាប់ដែលទំនងជាបានភ្លើងខៀវអនុញ្ញាតពីឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ​ ហើយមើលទៅទើបព្រហើនបំពានច្បាប់យ៉ាងដូច្នេះ។ សកម្មជនឃ្លាំមើលបទល្មើសឆ្លងដែន យល់ឃើញថា លោក អៀម សុខលីម មានក្បាលទល់មេឃជើងទល់ដីឬយ៉ាងណា? ទើបមិនខ្លាចញញើតអំណាចច្បាប់ជាពិសេសបទបញ្ជីរាជរដ្ឋាភិបាលឬមួយមានលោកស្នងការខេត្តក្រចេះ ចាំកាងការពារធ្វើរបាយការណ៍កុហកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ?។បឋម