
ពិធីផ្សព្វផ្សាយច្បាប់ស្តីពី កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ នៅស្រុកទឹកឈូ
(ខេត្តកំពត)៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្រុកទឹកឈូ ក្រោមកិច្ចសហការរៀបចំទ្បើងដោយក្រសួង និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា បានបើកពិធីផ្សព្វផ្សាយស្តីពី កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដែលវគ្គផ្សព្វផ្សាយនេះសិ្ថតក្រោមអធិបតីភាព លោក ស៊ុំ រុំ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្វ និងលោក សេង សិរីបុត្រ អភិបាលរងខេត្ត តំណាងលោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។
ពិធីនេះដែរ ក៏មានការអញ្ជេីញចូលរួមពីលោកប្រធាន អនុប្រធាននាយកដ្ឋាន លោកអនុប្រធានមន្ទីរបរិស្ថាន លោកប្រធានក្រុមប្រឹក្សាស្រុកឈូក លោកអភិបាលស្រុកទឹកឈូ អភិបាលរងស្រុក លោក លោកស្រី ការិយាល័យជុំវិញស្រុក ប្រធានក្រុមប្រឹក្សាឃុំ មេឃុំ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្សនិងសមាជិក សមាជិកា សរុបចំនួន៣៦៥ នាក់ ស្រីចំនួន១៤៨នាក់។
ក្នុងឱកាសនេះ លោក ស៊ុំ រុំ អនុរដ្ឋលេខាធិការ ក្រោយពីបានបើកវគ្គផ្សព្វផ្សាយប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ លោកក៏សូមថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់រាល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ផ្នែកជំនាញពាក់ព័ន្ធ ដែលជានិច្ចកាលបានសហការគ្នាការពារបរិស្ថានបានល្អប្រសើរ ពិសេសការថែរក្សា ការអភិរក្សធនធានធម្មជាតិទាំងនៅលើគោក និងក្នុងទឹកបានគង់វង្ស ដែលធ្វើឱ្យធនធានទាំងនោះកាន់តែសំបូរ និងមានការកើនឡើងជាបន្តបន្ទាប់៕