“អរគុណសន្តិភាព” អភិបាលស្រុករំដួល អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យបង្អែកសាមគ្គីរំដួល!

(ខេត្ដស្វាយរៀង)៖ នៅថ្ងៃព្រហស្បតិ៍ ១៣ រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ លោក ហែម សុីណា អភិបាលនៃគណៈអភិបាលស្រុករំដួលបានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យបង្អែកសាមគ្គីរំដួល នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។

ពិធីនេះមានការចូលរួមពី៖ លោក នៃ សអភិបាលរងស្រុករំដួល លោក​ វេជ្ជ​បណ្ឌិត​ សាន់​ សុធា​វុធ​ ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល ព្រម​ទាំង​បុគ្គលិក​ក្រោម​ឱវាទ​របស់​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល​ ផងដែរ។

លោកអភិបាល ក៏បានស្នើរដល់ក្រុមគ្រូពេទ្យសូមផ្តល់ស្នាមញញឹមដល់អ្នកជំងឺនិងព្យាបាលដោយក្រមសីលធម៍និងវិជ្ជាជីវៈ ដោយគ្មានការរើសអើង។

លោកបានថ្លែងនូវការកោត​សរសើរ​ចំពោះ​សកម្មភាព​ការងារ​ និង​គុណភាព​នៃ​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​របស់​ក្រុម​គ្រូ​ពេទ្យ​ ដែល​ប្រសិទ្ធ​នាម​ថា​ “ជា​កង​ទ័ព​អាវ​ស​ជួរ​មុខ”​ ដែល​បាន​លះបង់​កម្លាំង​កាយ​ ចិត្ត​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដង្កាត់​ផ្សេង​ៗ​ និង​ជំងឺ​ឆ្លង​សកល​កន្លង​មក ដោយគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈ ដែលក្រុមគ្រូពេទ្យយើងបានដាក់វេនប្រចាំការដើម្បីពិនិត្យសុខភាពប្រជាពលរដ្ឋក៏ដូចជាព្យាបាលជំងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

លោកក៏បានមានប្រសាសន៍បន្តទៀតថា មានសុខភាពល្អ អាចធ្វើកិច្ចការងារអ្វីៗបានទាំងអស់ ទាំងសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិ កាលណាសុខភាពយើងទ្រុឌទ្រោមការងារអ្វីគឺត្រូវបាត់បង់ ដូច្នេះការរស់នៅរបស់ប្រជាពលរដ្ឋសព្វថ្ងៃ ត្រូវការកត្តាពីរសំខាន់ៗគឺ សុខភាពផ្លូវចិត្ត និង សុខភាពផ្លូវកាយ ដែលសុខភាពទាំងពីរនេះមិនអាចខ្វះមួយណាបាននោះឡើយ។

ជាមួយគ្នានេះដែរ លោកអភិបាលបានថ្លែង​ផ្តាំ​ផ្ញើ​ដាស់តឿន​​ដល់​ក្រុម​គ្រូ​ពេពេទ្យ ត្រូវ​ចេះ​អភិវឌ្ឍ​សមត្ថភាព​ បច្ចេកទេស​ របស់​ខ្លួន​ឲ្យ​បាន​ជា​ប្រចាំ ត្រូវ​មាន​សុខភាព​ល្អ​មាំមួន​ មាន​ប្រជាប្រិយ​ភាព ប្រឹងប្រែង​ធ្វើការ​ងារ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​យ៉ាង​ពិត​ប្រាកដ គិលាន​សង្រ្គោះ​ត្រូវ​ត្រៀម​ប្រតិបត្តិ​ការ​ និង​យាម​ប្រចាំការ​ ២៤​ម៉ោង​/២៤ ម៉ោង​។

នៅក្នុងឱកាស ចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងតែព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលដោយមានចំនួន 16 គ្រែកំពុងសម្រាកព្យាបាលជំងឺ លោកអភិបាលក៏បានជូនថវិកាក្នុងម្នាក់ចំនួន១ម៉ឺនរៀលផងដែរ និងជូនពរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខែម៉ន់សន់រដូវសូមឱ្យបងប្អូនទាំងអស់សូមឆាប់ជាសះស្បើយពីរោគគាព្យាធិទាំងឡាយនឹងវិលត្រឡប់ទៅផ្ទះសម្បែងដើម្បីប្រកបមុខរបររកស៊ីជីវភាពប្រចាំថ្ងៃ។(សូមអរគុណ)