
លោក ហែម ស៊ីណា អភិបាលស្រុករំដួលអញ្ជើញចូលរួមនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃចំនួន៣វត្ត នៅ ឃុំកំពង់អំពិល ស្រុករំដួល
ខេត្ដស្វាយរៀង៖ នានៅព្រឹកថ្ងៃច័ន ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ហែម ស៊ីណា អភិបាលស្រុករំដួល និងឯកឧត្តម ដុំ សាមុត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃចំនួន៣វត្តគឺ វត្តទួលច្រេស វត្តកំពង់អំពិល និងសំរោងថ្មី ស្ថិតនៅឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។
នាឱកាសនេះដែរ ឯកឧត្តម ដុំ សាមុត បានពាំនំពាក្យផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ឯកឧត្តមបានបន្តថា ពិធីនេះអាចប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ពុទ្ធបរិស័ទមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ឆ្លៀតពេលនេះឱកាសនេះដែរលោកហែម សុីណា បានឲ្យដឹងថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេល៣ខែ ដោយ ចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញនៅថ្ងៃ១៥កើតខែអស្សុជ តាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបាន កំណត់ថា ព្រះសង្ឃមិនអាចនិមន្ត ចេញទៅបិណ្ឌបាត នៅខាងក្រៅឆ្ងាយៗវត្តបានឡើយដោយគង់នៅចាំ ព្រះវស្សា ក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសតែម្ដង។ ដូច្នេះហើយទើបជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទក៏ដូចជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែនាំគ្នាយកទៀនវស្សា និងទេយ្យទានទៅវេរប្រគេនព្រះសង្ឃមុនថ្ងៃចូលព្រះវស្សា។
បន្ថែមពីនេះលោកបានគូសបញ្ជាក់ថា ទីវត្តអារាម គឺជាមូលដ្ឋានគ្រឹះនៃអក្សរសាស្ត្រខ្មែរយើងដែលជាជង្រុកនៃសម្បត្តិ វប្បធម៌ជាតិ និងជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្សទាំងវិស័យអាណាចក្រ និងពុទ្ធចក្រទៀតផង។
ជាមួយគ្នានេះដែរ បានផ្តាំផ្ញើរដល់ប្រជាពុទ្ធបរិស័ទសូមរួមគ្នាធ្វើការអប់រំកូនចៅឲ្យចាកឆ្ងាយពី គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាបរិស្ថាន អនាម័យ ឲ្យបានគ្រប់ៗគ្នា និងគោរពជូនពរបងប្អូនពុទ្ធបរិស័ទជួបពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ៕