ល្បែងស៊ីសងជល់មាន់តាមអនឡាញ  កំពុងលួចបើកលេង ផ្គើននិងបទបញ្ជា របស់សម្តេច តេជោ នៅឃុំសំយោង ស្រុកកំពង់រោទិ៍!

(ខេត្ដស្វាយរៀង)៖ពលរដ្ឋល្អ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញ បានរាយការណ៍មកប្រាប់ឲ្យភ្នាក់ងារសារព័ត៌មានយើងឲ្យដឹងថា មានទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញ នៅភូមិសំយោង ឃុំសំយោង ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង បានលួចបើកលេង ជារៀងរាល់ថ្ងៃអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាបឡើយ។

ពួកគាត់បានបន្តថា កន្លងមកទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញនេះ កន្លងមកធ្លាប់បង្រ្កាបម្តងរួចមកហើយ តែមិនដឹងយ៉ាងម៉េចបានជាលួចបើកលេងបានទៀត ហើយរដ្ឋាភិបាលបានដាក់បទបញ្ជា ជូនអាជ្ញាធរគ្រប់ខេត្តក្រុងអំពីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ឥលូវមកលួចបើកលេងយ៉ាងនេះ មិនដឹងថាសមត្ថកិច្ចដឹងដែរទេ? ឬមួយដឹងហើយធ្វើមិនដឹង ។

ពួកគាត់លើកឡើងថាទំនងជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកកំពង់រោទិ៍ភ្លេចបទបញ្ជារបស់សម្ដេច តេជោ និងភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃទេដឹងទើបមិនបង្ក្រាបបែបនេះ។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានដាក់បទបញ្ជាឲ្យអភិបាលរាជធានីទាំង២៥ខេត្តក្រុងដែលតម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋានស្រុកក្រុងខេត្ត ណាមិនបង្ក្រាបឬទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនអាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងត្រូវប្រឈមនិងការដកតំណែងទៀតផង  ។

ដូច្នេះជាចុងក្រោយពលរដ្ឋមានចំងល់ថា តើអាជ្ញាធរពាក់ព័ន្ធពិសេសសមត្ថកិច្ច អធិការស្រុកមានវិធានការយ៉ាងណាចំពោះបនល្បែងខាងលើនេះ។

ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងបានសុំការបំភ្លឺពីលោកមេឃុំសំយោង ថាលោកបានឱ្យកម្លាំងប៉ុស្តិ៍ចុះទៅធ្វើកិច្ចសន្យាហើយ ។

ចំណែកឯលោកមេប៉ុស្តិ៍សំយោងបានប្រាប់មកអង្គភាពសារព័ត៌មានយើងថា គេមានអាជ្ញាប័ណ្ណឡូតូហើយលោកក៏ធ្លាប់បានធ្វើកិច្ចសន្យាម្ដងរួចរាល់ហើយដែរ មិនឲ្យមានលេងល្បែងស៊ីសងខុសច្បាប់នោះឡើយ។

ទោះជាយ៉ាងណាក្ដីពលរដ្ឋរង់ចាំមើលថាចំពោះទីតាំងអនឡាញមាន់ជល់មួយនេះធ្លាប់ធ្វើកិច្ចសន្យារួចហើយ នៅតែលួចបើកលេងបន្តជារៀងរាល់ថ្ងៃតើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមានវិធានការបែបណាទៀត?៕