អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់អ្នកសារព័ត៌មាន ត្រូវគោរពក្រុមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និងអនុវត្តតាមច្បាប់របបអ្នកសារព័ត៌មាន

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានក្រើនរំលឹកដល់អ្នកសារព័ត៌មាន ត្រូវគោរពក្រុមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និងអនុវត្តតាមច្បាប់របបអ្នកសារព័ត៌មាន ។

ការលើកឡើងនេះ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីវិជ្ជាជីវៈអ្នកសារព័ត៌មាននៅសាលាខេត្តកំពង់ធំ ដែលមានអ្នកចូលរួមប្រមាណជិត ១០០នាក់ នៅរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តមអភិបាលខេត្តកំពង់ធំបន្ថែមទៀតថា សារព័ត៌មានប្រៀបដូចជាចំណីអាហារដែលយើងមិនអាចខ្វះបាន ក្នុងការតាមដានព័ត៌មាន សភាពការណ៍នៅក្នុងសង្គម ដែលបានកើតឡើងជារៀងរាល់ថ្ងៃ ដូច្នេះបងប្អូនអ្នកសារព័ត៌មានទាំងអស់ ការសរសេរព័ត៌មាន ត្រូវពិនិត្យ អក្ខរាវិរុទ្ធ ខ្លឹមសារឲ្យបានហើយបានត្រឹមត្រូវ មានប្រភពច្បាស់លាស់ មុននឹងចេញផ្សាយជាសាធារណៈ។

លើសពីនេះទៀតឯកឧត្តម ងួន រតនៈ ក៏ថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានខេត្ត សមាគមសារព័ត៌មាន និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំបង្កើត វគ្គបណ្ដុះបណ្ដាលស្ដីពីវិជ្ជាជីវៈអ្នកសារព័ត៌មាន ហេីយក៍បានផ្ដល់ឱកាសឲ្យអ្នកសារព័ត៌មាន បានទទួលបានចំណេះដឹង និងបទពិសោធន៍ ថ្មីៗបន្ថែមទៀត ក្នុងការប្រកបរបរវិជ្ជាជីវៈអ្នកសារព័ត៌មានឲ្យមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់ដែលមិនទាន់បានចុះបញ្ជីនៅមន្ទីរព័ត៌មាន សូមអញ្ជើញទៅចុះបញ្ជីឲ្យបានគ្រប់ៗគ្នា។