ឯកឧត្តម​វេង សា​ខុន​បាន​អញ្ជើញ​រួម​ក្នុង​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត ក្រុង​ស្រុក​អាណត្តិ​ទី​៣​ក្រោម​អធិបតីភាព​សម្តេច​ហេង​សំរិន​

នៅ​ស្នាក់ការ​បក្ស​ស្រុក​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ​សុក្រ ១៤​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​អញ្ជើញ​រួម​ក្នុង​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំរិន​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​ជួយ​ខេត្ត​ត្បូងឃ្មុំ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណបក្ស​គ្រប់​ជាន់ថ្នាក់ អាជ្ញាធរ​ដែនដី សមត្ថកិច្ច​គ្រប់​ផ្នែក កងកម្លាំងប្រដាប់អាវុធ ទាំងអស់ និង​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ដែល​បាន​ចូលរួម​បន្ត​ថែ​រក្សាបាន​នូវ​សុខ​សន្តិភាព​ពេញលេញ ស្ថិរភាព​នយោបាយ​រឹងមាំ សណ្តាប់ធ្នាប់​សង្គម​ល្អ​និង​បាន​ចូលរួម​ធ្វើ​ការងារ​មនុស្សធម៌​ជួយ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះធម្មជាតិ​នានា​សំដៅ​លើកកម្ពស់​វឌ្ឍនភាព​សង្គម​និង​វិបុលភាព​យូរអង្វែង ពិសេស​ទប់ស្កាត់​ឱ្យបាន​ជា​ដាច់ខាត​នូវ​ការប៉ុនប៉ង​គ្រប់​រូបភាព​ធ្វើ​បដិវត្ត​ពណ៌​ផ្តួលរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​បាន​មានប្រសាសន៍ថា​ឆ្នាំ​២០១៨ កន្លងទៅ​នេះ​ជា​ឆ្នាំ​ចុងក្រោយ នៃ​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៥ និង​ជា​ឆ្នាំ​ចាប់ផ្តើម នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ បច្ចុប្បន្ន​នេះ​ផង​ដែរ​។​

​នៅក្នុង​អំឡុង​ពេល​នេះ សភាពការណ៍​ទូទៅ​របស់​កម្ពុជា មាន​ភាព​ល្អប្រសើរ​ជាង​ពេលណាៗ ដែល​ផ្តល់​អំណោយផល​កាន់តែច្រើន ដល់​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម និង​ការលើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​បាន​លើកឡើង​ទៀត​ថា​ឆ្នាំ​២០១៨​កន្លង​មកនេះ​យើង​ទទួលបាន​នូវ​កំណើនសេដ្ឋកិច្ច​៧,៥%​ដែល​គាំទ្រ​ដោយ​ការរីកចម្រើន​លើ​វិស័យ​ឧស្សាហកម្ម កាត់ដេរ​សម្លៀកបំពាក់ កំណើន​លើ​វិស័យ​សំណង់ កំណើន​ទេសចរណ៍ និង​កសិកម្ម ហើយ​អត្រា​នៃ​ភាពក្រីក្រ ស្ថិតនៅក្រោម ១០% ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​ល្អប្រសើរ​ឡើង​ជា​លំដាប់ ។

​ជាមួយគ្នា​នេះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​បាន​សំណូមពរ​ដល់​ឲ្យ​បន្ត​កសាង​ពង្រឹង​បក្ស​ឲ្យបាន​រឹងមាំ​ដោយ​ផ្សារភ្ជាប់​ជាមួយ​ប្រជាជន​លើកកម្ពស់​ផលប្រយោជន៍​ប្រជាជន​និង​បន្ត​ពង្រឹង​ការឯកភាព​ផ្ទៃក្នុង​កំណែទម្រង់​ស៊ីជម្រៅ​ប្រកបដោយ​ប្រសិទ្ធភាព​និង​បន្តដំណើរ​រួម​គ្នា​ឆ្ពោះទៅ​ដណ្តើម​ជ័យជំនះ​ជូន​គណបក្ស​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ខាងមុខ ដើម្បី​បន្ត​សន្តិភាព​និង​ការអភិវឌ្ឍ​រីកចម្រើន​ជូន​ប្រទេសជាតិ និង​សុខដុមរមនា​ជូន​ប្រជាជន​យើង​៕​