ពិធីបិទការប្រកួតកីឡាអុកចត្រង្គ និងកីឡាទាញព្រ័ត្រ ក្នុងឱកាសអបអរសាទរបុណ្យកំពតសង្រាន្ត

(ខេត្តកំពត)៖ កាលពីរសៀល ថ្ងៃចន្ទ ១១កើត ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត និងលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាអុកចត្រង្គ និងកីឡាទាញព្រ័ត្រ ក្នុងឱកាសអបអរសាទរបុណ្យកំពតសង្រាន្តឆ្នាំថ្មី។

បានអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាល ខេត្ត និងយុវជន យុវនារី សរុបប្រមាណ ៥០០នាក់។

ក្នុងពិធីនេះដែរ លោក អភិបាលខេត្តកំពត បានថ្លែងការកោតសរសើរថ្លែងដោយស្មោះចំពោះ កីឡាករ កីឡាការិនីទាំងអស់ដែលបានចូលរួមក្នុងការប្រកួតនេះដោយរួមគ្នាគោរពគោលការណ៍និងបទបញ្ជាបច្ចេកទេសនៃការប្រកួតកីឡាបានល្អត្រឹមត្រូវនិងមានស្មារតីស្រឡាញ់កីឡាពិតប្រាកដ ដោយទទួលស្គាល់លទ្ធផលបច្ចេកទេសស្របតាមសមត្ថភាពរបស់ខ្លួន ។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ដែលបានខិតខំប្រឹងប្រែងតាំងពីថ្ងៃដំបូងរហូតថ្ងៃបញ្ចប់ដោយយកអស់កម្លាំងកាយចិត្តមិនគិតពីការនឿយហត់ ស្តែងចេញនូវការទទួលខុសត្រូវខ្ពស់ប្រកបដោយស្មារតីយុត្តិធម៌អនុវត្តបានល្អប្រសើរតាមនិយាមបច្ចេកទេសរបស់គណៈកម្មការរៀបចំការប្រកួត និងជំរុញឲ្យការប្រកួតទាំងមូលមានដំណើរការល្អប្រសើរ ទទួលបានជោគជ័យ តាមការគ្រោងទុក៕ សេង ណារិទ្ធ