
សម្តេចសខេងណែនាំឱ្យកងកម្លាំងនគរបាលជាតិរួមគ្នាក្នុងការបន្តធ្វើកំណែទម្រង់ក្របខ័ណ្ឌដើម្បីពង្រឹងប្រសិទ្ធភាពការងារ
ក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃកំណើតនគរបាលជាតិកម្ពុជា១៦ ឧសភា ឆ្នាំ១៩៤៥-១៦ ឧសភា ២០១៩ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើការណែនាំឱ្យកងកម្លាំងនគរបាលជាតិទាំងអស់រួមគ្នាក្នុងការបន្តធ្វើកំណែទម្រង់ក្របខ័ណ្ឌឋានរស័ក្តិ តួនាទី មុខងារនិងការទទួលខុសត្រូវនៅតាមស្ថាប័ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារសម្រាប់អនុវត្តន៍ឱ្យកាន់តែខ្លាំងក្លាថែមទៀត។
សម្តេចស ខេង បានបញ្ជាក់ថាការបន្តធ្វើកំណែទម្រង់កងកម្លាំងនេះ ក៏ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍបញ្ហាសង្គម និងស្ថានភាពប្រែប្រួលស្មុគស្មាញនៅក្នុងតំបន់ និងនៅលើពិភពលោកផងដែរ។
សម្តេចក៏បានធ្វើការណែនាំឱ្យកងកម្លាំងនគរបាលជាតិទាំងអស់ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន! ការដោះស្រាយលើកកម្ពស់សមត្ថភាពជំនាញ គោរពឱ្យបាននូវក្រឹត្យក្រមវិជ្ជាជីវៈនិងឥរិយាបទក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម សន្តិសុខ និងសុវត្ថិភាពសង្គមដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏បានស្នើឱ្យគ្រប់អង្គភាពជំនាញកងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេសត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងដឹកនាំអង្គភាព និងកម្លាំង ដោយត្រូវពង្រឹងការអនុវត្តតួនាទី និងភារកិច្ច ដែលបានចែងនៅក្នុងច្បាប់។
ទន្ទឹមនេះ ត្រូវខិតខំរក្សាឱ្យបាននូវសាមគ្គីភាព ផ្ទៃក្នុង និងផ្តល់ភាពកក់ក្តៅដល់កងកម្លាំងក្រោមឱវាទផងដែរ ៕
ដោយ ៖ សហការី