ពិធី​ប្រគល់​Tablets ជូន​ដល់​ឃុំ​សង្កាត់​ក្នុង​ខេត្ត​ស្វាយរៀង សម្រាប់​អន្ត​សញ្ញាណ​កម្ម​ក្រីក្រ​តាម​ការស្នើសុំ​

នា​ព្រឹក​ថ្ងៃ​ចន្ទ ៥​កើត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​Tablets ជូន​ដល់​ឃុំ​សង្កាត់​ក្នុង​ខេត្ត​ស្វាយរៀង សម្រាប់​អន្ត​សញ្ញាណ​កម្ម​ក្រីក្រ​តាម​ការស្នើសុំ​

​លោក ថោង សា​មាន ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​ស្វាយរៀង​បានបញ្ជាក់​ថា ដើម្បី​អនុវត្ត​អោយបាន​ត្រឹមត្រូវ មាន​សង្គតិភាព មាន​ប្រសិទ្ធភាព និង​ប្រើប្រាស់​បានយូ ឃុំ​សង្កាត់​នី​មួយៗ ដែល​ទទួលបាន​Tablets ១​គ្រឿង ក្នុង​១​ឃុំ​សង្កាត់​សរុប​៨០​គ្រឿង សម្រាប់​ប្រើប្រាស់​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ​២​ឆ្នាំ និង​ការកំណត់​អន្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ ត្រូវ​ប្រើប្រាស់​អោយបាន​ត្រឹមត្រូវ និង​ថែរក្សា​អោយបាន​ល្អ​ប្រសើរ​។ ចំពោះ​ការប្រើប្រាស់​Tablets នេះ គឺជា​ការខ្ចី​យក​ទៅ​ប្រើប្រាស់​បណ្តោះអាសន្ន​តែប៉ុណ្ណោះ ព្រោះ​ស្ថិតនៅ​ក្នុង​ការចុះបញ្ជី​សារពើ​ភណ្ឌ របស់​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា​ខេត្ត​ស្វាយរៀង​។​

​ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង មានប្រសាសន៍​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​វត្តមាន​លោក លោកស្រី ពិសេស​មន្ត្រី​ទទួលបន្ទុក​កិច្ច​ការ​ផ្តល់​សេវា​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ នៃ​គ្រូ​សារ​ក្រីក្រ ស្របតាម​គោលនយោបាយ​គាំពារ​សង្គម​(២០១៦-២០២៥)​របស់​រាជរដ្ឋាភិបាល​។ ហើយ​ការចែកជូន​នូវ Tablets​ទៅ​ដល់​ឃុំ​សង្កាត់​ទាំង​៨០ នៅក្នុង​ខេត្ត​ស្វាយរៀង​នាពេលនេះ ជា​បរិបទ​មួយ​ដ៏​សំខាន់​ក្នុងការ​ជម្រុញ និង​លើកកម្ពស់​ទៅ​ដល់​ការផ្តល់​សេវា​ជូន​ដល់​ក្រុម​គោលដៅ នៃ​គ្រួសារ​ក្រីក្រ សម្រាប់​ផែនទី​មគ្គុទេ្ទសក៍ រយះពេល​វែង សម្រាប់​ការកែទម្រង់ និង​ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​នៅ​កម្ពុជា​។

​តាមរយះ​ការដាក់ចេញ​នូវ​ផែនទី​យុទ្ធសាស្ត្រ ធានា​អោយបាន​នូវ​សន្តិសុខ​ប្រាក់ចំណូល កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រជាជន ព្រមទាំង​លើកកម្ពស់​សុខមាលភាព សមធម៌ សាមគ្គីភាព និង​ភាពសុខដុមរមនា​នៅក្នុង​សង្គមជាតិ ដូចជា​កម្មវិធី​ឧបត្ថម​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ​២​ឆ្នាំ គឺជា​កិច្ចការ​អាទិភាព​មួយ​ក្នុងចំណោម​កិច្ចការ​អាទិភាព​ផ្សេងទៀត ដែល​ត្រូវ​អនុវត្ត​មុនគេ​។​

​ជា​ចុងបញ្ចប់​នៃ​ពិធី​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​ផ្តាំផ្ញើរ​ដល់​លោក លោកស្រី​ដែល​ទទួលបាន​Tablets ត្រូវ​យកចិត្តទុកដាក់​ស្តាប់​ក្នុង​ការពន្យល់​ពី​របៀប​ប្រើប្រាស់ ពី​មន្ត្រី​ជំនាញ ដើម្បី​ធ្វើការ​អោយ​បាន​ទាន់ពេលវេលា ស្របតាម​កម្មវិធី​ដែល​បាន​គ្រោងទុក និង​ធ្វើ​ការប្រើប្រាស់​តាម​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ​។​