ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក និង​បិទ​លំ​ហាត់​សង្គ្រោះ​គ្រោះមហន្តរាយ នៅ​តំបន់​ព្រំដែន​គោក​រួមគ្នា និង​ការងារ​មនុស្សធម៌​ឆ្នាំ​២០២០ នៅ​ភូមិ​ដូន​ទៃ ឃុំ​ទួល​ស្តី ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​

នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ប្រជាជន​វៀតណាម បាន​រៀបចំ​ពិធី​បើក និង​បិទ​លំ​ហាត់​សង្គ្រោះ​គ្រោះមហន្តរាយ នៅ​តំបន់​ព្រំដែន​គោក​រួមគ្នា និង​ការងារ​មនុស្សធម៌​ឆ្នាំ​២០២០ នៅ​ភូមិ​ដូន​ទៃ ឃុំ​ទួល​ស្តី ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​ក្រោម​អធិបតីភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​នាយ​ឧត្តមសេនីយ៍ ង៉ូ ស៊ុន​លិច្ស រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស វៀតណាម និង​ការ​បើកសម្ពោធ​មណ្ឌល​សុខភាព​មិត្តភាព​កម្ពុជា​-​វៀតណាម ផងដែរ​។​

​ការធ្វើ​លំ​ហាត់​យោធា​នេះ គឺ​ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍​រួមគ្នា និង​ផ្តល់​នូវ​ផលប្រយោជន៍ ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ នៅពេលដែល​មាន​គ្រោះមហន្តរាយ​កើតឡើង ដូចជា​គ្រោះ​ធម្មជាតិ ទឹកជំនន់ ភ្លើង​ឆេះ​ព្រៃ ឬ​គ្រោះធម្មជាតិ​ផ្សេងៗ ដែល​កើតឡើង​ជា​យថាហេតុ ព្រម​ជាមួយនឹង​ការចូលរួម​ចំណែក​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​នៅតាម​តំបន់​ព្រំដែន ឱ្យមាន​ការរីកចម្រើន​។​

​រយៈពេល​នៃ​ការធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​មាន​រយៈពេល​៩​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​១៨ ខែ​ធ្នូ ឆ្នាំ​២០១៩​។ កម្លាំង​ចូលរួម​ខាង​ភាគី​វៀតណាម ២៦៥​នាក់ ខាង​ភាគី​កម្ពុជា​៤៧១​នាក់ រួម​នឹង​កម្លាំង​ចូលរួម ១,១៤៣​នាក់​។​

​បើ​តាម​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​គណៈកម្មកា​រលំ​ហាត់​ហ្វឹកហ្វឺន​សង្គ្រោះ​គ្រោះមហន្តរាយ​កម្ពុជា​-​វៀតណាម បានបញ្ជាក់​ថា ខ្លឹមសារ​នៃ​ការធ្វើ​លំ​ហាត់​សង្គ្រោះ​គ្រោះមហន្តរាយ នៅ​តំបន់​ព្រំដែន​គោក​ប្រទេស​ទាំង​ពីរ ចែកចេញ​ជា​៤ ដំណាក់កាល​ហើយ​លំ​ហាត់​សង្គ្រោះ​គ្រោះ​មហន្តរាយ​នេះ គឺជា​លើក​ទី​១ ដែល​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​បាន​ធ្វើ​រួមគ្នា​។​

​នាយ​ឧត្តមសេនីយ៍​បាន​មាន​ប្រសាសន៍ថា ការធ្វើ​លំ​ហាត់​សង្គ្រោះ​គ្រោះមហន្តរាយ ជាមួយ​ភាគី​វៀតណាម​នេះ គឺ​ដើម្បី​ត្រៀមកម្លាំង​រួមគ្នា ក្នុងការ​ចុះជួយ​ប្រជាពលរដ្ឋ ដែល​ជាប់​នឹង​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ខណៈ​ដែល​ពួកគេ​ជួប​គ្រោះ​ធម្មជាតិ ឬ​គ្រោះមហន្តរាយ​ដោយ​យ​ថា ហេតុ​ណាមួយ​កើតឡើង​នោះ​។​

​នាយ​ឧត្តមសេនីយ៍​បាន​បន្ត​ថា ស្រប​ទៅ​តាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ​នឹង​ត្រូវ​ធ្វើ​លំ​ហាត់​នេះ ជា​បន្តបន្ទាប់​ទៀត​ជាមួយនឹង​ប្រទេស​ជិតខាង មិន​ថា​ជាមួយ​ប្រទេស​វៀតណាម​នោះទេ យើង​នឹង​ត្រូវ​ធ្វើ​ជាមួយ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ​ផងដែរ ប៉ុន្តែ​នាពេលនេះ មិនទាន់​ត្រូវបាន​កំណត់​ពេលវេលា​ជាក់លាក់​នោះឡើយ​។​

​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន បាន​បញ្ជាក់​ឱ្យដឹងថា លំ​ហាត់​សង្គ្រោះ​គ្រោះមហន្តរាយ ដែល​បាន​ធ្វើ​រួម​គ្នា​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ កម្ពុជា និង​វៀតណាម​នាពេលនេះ​មាន​លំ​ហាត់​ចំនួន​៤ រួមមាន​៖

* លំ​ហា​ត់ទី​១៖ ការជួយ​សង្គ្រោះ​ប្រជាជន​នៅពេល​មាន​ទឹកជំនន់​ជន់​លិច ដោយ​មាន​ឧទ្ធភាគចក្រ​ពីរ​គ្រឿង សម្រាប់​ហោះ​ត្រួតពិនិត្យ​ភូមិសាស្ត្រ​លិច​ទឹក និង​ដឹក​ប្រជាពលរដ្ឋ​មក​ទីទួល​ល​សុវត្ថិភាព​។​

* លំ​ហា​ត់ទី​២៖ គឺជា​លំ​ហាត់​ទាក់ទង​ការ​បន្សាប​សារធាតុ​គីមី នាយ​ទា​ហន​ជំនាញ​គីមី​សាស្ត្រ ធ្វើ​សកម្មភាព​បន្សាប​សារធាតុ​គីមី នៅពេល​មាន​ការ​សាយភាយ​ជាតិគីមី​ចេញពី​រោងចក្រ និង​កាក​សំណល់​សង្គ្រាម​។​

* លំ​ហា​ត់ទី​៣៖ គឺជា​សកម្មភាព​របស់​កម្លាំង​កងពល​ទ័ព​ពិសេស​ឆត្រយោង​លេខ ៩១១ កម្លាំង​កងពល​តូ​ចលេ​ខ ៧០ និង​កម្លាំង​កងទ័ពជើងទឹក ដែល​បាន​ធ្វើ​ការរុករក និង​ដឹកជញ្ជូន​ប្រជាពលរដ្ឋ មក​កាន់​ទី​ទួល​សុវត្ថិភាព ដែល​មាន​ការកសាង​រោង​សម្រាប់​ដាក់​ប្រជាជន​រងគ្រោះ និង​ការធានា​ជីវភាព​រស់នៅ​ក្នុង​រយៈ​ពេល​ខ្លី​មួយ ។​

* លំ​ហា​ត់ទី​៤៖ គឺជា​សកម្មភាព ដឹកជញ្ជូន​ប្រជាជន​ទៅ​មណ្ឌល​សុខភាព នៅពេល​ប្រជាពលរដ្ឋ​មាន​ជំងឺ​ផ្សេងៗ ឱ្យបាន​ទាន់​ពេលវេលា​។​

​គួរ​ជម្រាប​ថា នេះ​គែ​ជា​ការ​ធ្វើ​លំ​ហាត់​សង្គ្រោះ​គ្រោះមហន្តរាយ លើក​ទី​១ ដែល​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​បាន​ធ្វើ​រួមគ្នា ហើយ​ក្រសួង​ការពារជាតិ​នឹង​ត្រូវ​ធ្វើ​លំ​ហាត់​នេះ ជា​បន្តបន្ទាប់​ទៀត​ជាមួយនឹង​ប្រទេស​ជិតខាង មិន​ថា​ជាមួយ​ប្រទេស​វៀតណាម​នោះទេ យើង​នឹង​ត្រូវ​ធ្វើ​ជាមួយ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ​ផងដែរ ប៉ុន្តែ​នាពេលនេះ មិនទាន់​ត្រូវបាន​កំណត់​ពេលវេលា​ជាក់លាក់​នោះឡើយ​។​

​ការរៀបចំ​សមយុទ្ធ​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​វៀតណាម គឺជា​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេជោ ហ៊ុន សែន ផ្ទាល់ ដែល​ធ្វើឡើង​ក្នុង​គោលបំណង​ត្រៀម​សហការ​ជួយ​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន ក្នុងករណី​មាន​គ្រោះមហន្តរាយ​ផ្សេងៗ​៕