សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ពិព័រណ៍​ផលិតផល​ខែ្មរ និង​ទំនិញ​នាំចេញ​-​នាំចូល កម្ពុជា​លើក​ទី​១៤ ឆ្នាំ​២០១៩

​នៅ​រសៀល​ថ្ងៃ​អាទិត្យ ៤​រោច ខែ​មិគសិរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ​-​នាំចូល កម្ពុជា លើក​ទី​១៤ ឆ្នាំ​២០១៩ ដែល​ពិធី​បើក​ពិព័រណ៍​នេះ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​តាម​របាយការណ៍​របស់ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បានអោយដឹង​ថា​ពិព័រណ៍​ផលិតផល​ខ្មែរ​និង​ទំនិញ​នាំចេញ​-​នាំ​ចូល​កម្ពុជា​លើក​ទី​១៤ កម្រិត​អន្តរជាតិ​ឆ្នាំ​២០១៩ ត្រូវបាន​រៀបចំឡើង​ដោយ​មាន​ការគាំទ្រ និង​ការចូលរួម​យ៉ាង​សកម្ម​ពី​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់​ដូចជា ប្រទេស​ចិន ជប៉ុន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា វៀតណាម និង​ប្រទេស​ឡាវ​ព្រមទាំង​មន្ទីរ​ពាណិជ្ជកម្ម​ទាំង​២៥ រាជធានី​-​ខេត្ត សភាពាណិជ្ជកម្ម​កម្ពុជា សហព័ន្ធ​ស្រូវ​អង្ករ អង្គការ សមាគម​អាជីវកម្ម ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា​។ ហើយ​ពិព័រណ៍​នេះ​មាន​ស្ដង់​សរុប​ចំនួន ៣៧២​ស្ដង់ ដោយ​មាន​ទំនិញ និង​សេវា​ជាច្រើន​ប្រភេទ​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​នេះ បាន​ជួយ​បង្កើន​ផលិតភាព បង្កើន​តម្លៃបន្ថែម​លើ​ផលិតផល ពង្រឹង​គុណភាព​ផលិតផល និង​សេវា បង្កើត​ការងារ​ថ្មីៗ បង្កើន​ប្រាក់ចំណូល ជួយ​ទប់ស្កាត់​ការធ្វើ​ចំណាកស្រុក និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​ផងដែរ​។ លើសពីនេះ​ទៅ​ទៀត​សម្តេច​តេជោ បានកត់សម្គាល់​ឃើញ​ថា តាមរយៈ​ការរៀបចំ​ពិព័រណ៍​ក្នុងស្រុក និង​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​ពិព័រណ៍​ធំៗ​នៅ​ក្រៅ​ប្រទេស​ដូចជា ពិព័រណ៍​ពិភពលោក ពិព័រណ៍​អន្តរជាតិ និង​ពិព័រណ៍​ចិន​-​អាស៊ាន​ជាដើម​បាន​ធ្វើឲ្យ​កម្ពុជា​យើង​មាន​កិត្តិយស ស្មើមុខស្មើមាត់​លើ​ឆាក​អន្តរជាតិ និង​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​កម្ពុជា​ផ្សព្វផ្សាយ​អំពី​ផលិតផល​សក្តានុពលរ​បស់​ខ្លួន ស្វែងរក​ទីផ្សារ​នាំចេញ ទាក់ទាញ​វិនិយោគិន​បរទេស និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ជាពិសេស បាន​ចូលរួមចំណែក​ផ្សព្វផ្សាយ​អំពី​វប្បធម៌ និង​អរិយធម៌​ខ្មែរ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ចូលមក​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ត​ថា តាមរយៈ​គោលនយោបាយ ឈ្នះ ឈ្នះ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការរក្សាបាន​នូវ​សន្តិភាព និង​សន្តិសុខ សង្គម​ទូទាំងប្រទេស បាន​ធ្វើឲ្យ​កម្ពុជា​ទទួលបាន​នូវ​កាលានុវត្ត​ភាព​ថ្មី​ពុំ​ធ្លាប់​មាន សម្រាប់​ការកែទម្រង់ ទូលំទូលាយ​មួយ ព្រមទាំង​ទទួលបាន​នូវ​ទំនុកចិត្ត​ខ្ពស់​ពី​ធុរជន និង​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ជា​ឱកាស​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​រីកចម្រើន​ក្នុង​កំណើន​ជា​មធ្យម ៧.៧% ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈពេល ២០​ឆ្នាំ កន្លងទៅ​។ ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ទាំង​បួន​ខាងលើ​កាន់តែ​មាន​ការរីកចម្រើន រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាសឲ្យ​ប្រើប្រាស់​គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម ២០១៥-២០២៥ សំដៅ​រក្សា​កំណើនសេដ្ឋកិច្ច​ប្រកប ដោយ​ចីរភាព និង​ដើម្បី​ប្រែក្លាយ​កម្ពុជា​បច្ចុប្បន្ន ពី​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ឲ្យទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​សម្រេចបាន​គោលដៅ​ជា​ប្រទេស ដែល​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​។ ការនាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ មានការ​កើន​ទ្បើង​ជា​លំដាប់​។ សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផងដែរ​ថា ដោយសារ​ការរក្សាបាន​នូវ​សន្តិភាព សន្តិសុខ​សង្គម និង​ស្ថានភាព​សេដ្ឋកិច្ច និង​នយោបាយ​ល្អ គ្រប់​ក្រសួង​-​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា មានឱកាស​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ល្អប្រសើរ​។ ឆ្លៀត​ក្នុង​ឱកាស​ដ៏​សំខាន់​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សូម​លើក​ទឹកចិត្ត​ឱ្យ​ពាណិជ្ជករ សហគ្រិន វិនិយោគិន ធុរជន​ទាំង​ក្នុង​និង​ក្រៅប្រទេស ព្រមទាំង​អ្នកទស្សនា​ពិព័រណ៍​ទាំងអស់ គប្បី​ចូលរួម​និង​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព​នូវ​វេទិកា​នានា ក្នុង​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​របស់​យើង ដើម្បី​ទទួលបាន​ជោគជ័យ​ថ្មីៗ ថែម​ទៀត​លើ​កិច្ចការ​ធុរកិច្ច និង​វិនិយោគ​របស់​ខ្លួន​។

​មុន​នឹង​បញ្ចប់ សម្ត​ច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ជូនពរ​បងប្អូន​អាជីវករ ម្ចាស់​ក្រុមហ៊ុន​នានា​ដែល​កំពុង​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា សូម​ទទួលបាន​នូវ​ភាពជោគជ័យ​។ បន្ទាប់មក សម្តេច​តេជោ បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​ពិ​ពណ៍​នេះ និង​អញ្ជើញ​ទស្សនា​ស្តង់​ពិ​ពណ៍​ទំនិញ​នៅ​ក្នុង​មណ្ឌល​កោះ​ពេជ្រ ក្នុង​បរិយាកាស​សប្បាយរីករាយ​ក្រៃលែង​៕