លោកស្រី Lei Chunmei អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​សភា​តំណាងរាស្ត្រ​ប្រជាជន​ខេត្ត​ហ្វ៊ូ​ជាន សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បាន​ដឹកនាំ​គណៈប្រតិភូ​ចូល​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​

​ព្រឹក​ថ្ងៃ​សៅរ៍ ៣​រោច ខែ​មិគសិរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៩ លោកស្រី Lei Chunmei អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​សភា​តំណាងរាស្ត្រ​ប្រជាជន​ខេត្ត​ហ្វ៊ូ​ជាន សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បាន​ដឹកនាំ​គណៈប្រតិភូ​ចូល​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​។

​លោកស្រី Lei Chunmei មានប្រសាសន៍ថា ខេត្ត​ព្រះសីហនុ មាន​ការអភិវឌ្ឍ​លឿន​គួរឱ្យ​ចាប់អារម្មណ៍ សម្រាប់​ការ​ទស្សនកិច្ច​នាពេលនេះ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ នៃ​ការវិនិយោគ​នៅ​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ ដែល​មាន​អ្នកវិនិយោគ និង​សហគ្រាស​ចិន​មក​កាន់​ខេត្ត​ព្រះសីហនុ​។ ខេត្ត​ហ្វូ​ជាន បាន​បើក​ការហោះហើរ​ត្រង់​មក​កាន់​ខេត្ត​ព្រះសីហនុ ជម្រុញ​កិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ​វប្បធម៌ អប់រំ និង​ទេសចរណ៍​។

​លោកស្រី ក៍​បាន​ស្នើសុំ​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​លើ​៣ ចំនុច ទី​១. កិច្ចសហប្រតិបត្តិការ​វិនិយោគ ពាណិជ្ជកម្ម អប់រំ ដើម្បី​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ឧស្សាហកម្ម ២.​ពង្រឹង​ទំនាក់ទំនង ការផ្លាស់ប្តូរ​ព័ត៌មាន ៣. ជម្រុញ​ការផ្លាស់ប្តូរ​វប្បធម៌ ពង្រឹង​ការយល់ដឹង​ពីគ្នា ជា​គ្រឹះ នៃ​កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខណ្ឌ​គោលនយោបាយ ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ និង​ផ្លូវ​សូត្រ​សមុទ្រ ដោយ​លើក​ទឹកចិត្ត​ប្រជាជន​ចិន អ្នកវិនិយោគ​ចិន និង​ទេសចរណ៍​មក​កាន់​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ​។​

​ក្នុងឱកាស​នោះ លោកស្រី Lei Chunmei ក៍​បាន​អញ្ជើញ​គណ​:​ប្រតិភូ​ខេត្ត​ព្រះសីហនុ ទៅ​ចូលរួម​ពិ​ព័ណ៌​ពាណិជ្ជកម្ម​នៅ​ខេត្ត​ហ្វូ​ជាន ប្រទេស​ចិន នា​ឆ្នាំ​២០២០​ខាងមុខ​នេះ​ផង​ដែរ​។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍​ប្រតិភូ​ខេត្ត​ហ្វ៊ូ​ជាន ដែល​បាន​មក​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ ដោយ​ផ្អែក​លើ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ បាន​ដាក់ចេញ​នូវ​គោលនយោបាយ ផ្លូវ​មួយ ខ្សែក្រវាត់​មួយ និង​ផ្លូវ​សូត្រ​សមុទ្រ និង​គោលនយោបាយ ចតុកោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា មាន​ទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ទំនាក់ទំនង​ដែក​ថែប ។ តាមរយ​:​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ជម្រុញ​អ្នកវិនិយោគ និង​ទេសចរ​ចិន មក​កាន់​កម្ពុជា ពិសេស​មក​កាន់​ខេត្ត​ព្រះសីហនុ ។

​ឯកឧត្តម អភិបាលខេត្ត​ព្រះសីហនុ បាន​បន្តថា ខេត្ត​ព្រះសីហនុ​ពីមុន​មាន​មុខងារ​ជា​ខេត្ត​ទេសចរណ៍ ក៍​ប៉ុន្តែ​មកដល់​បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​តំបន់​ប៉ូល​អភិវឌ្ឍ​ជាតិ​មួយ​ដ៍​សំខាន់​នៅ​តំបន់ឆ្នេរ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង បាន​ជម្រុញ​ប្រែប្រួល​ខេត្ត​ព្រះសីហនុ បម្រើ​ឱ្យ​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម សំណង់ ដឹកជញ្ជូន និង​ទេសចរណ៍​។ តាមរយៈ​ជំនួប​ដ៏​មាន​សារៈសំខាន់​នេះ​ឯកឧត្តម អភិបាលខេត្ត​បាន​ស្នើ​ឱ្យ​លោកស្រី ប្រធាន​ប្រតិភូ​ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​ខេត្ត​ព្រះសីហនុ ជម្រុញ​អ្នកវិនិយោគ និង​ទេសចរ​ចិន​មក​កាន់​ខេត្ត​ព្រះសីហនុ ពិសេស​បង្កើត​រោងចក្រ​បំរើ​ឱ្យ​វិស័យ​សំណង់ ជា​តម្រូវការ​ផ្គត់ផ្គង់​ដល់​ការដ្ឋាន​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ ក៍​ដូចជា​ការដ្ឋាន​សំណង់​នៅ​កម្ពុជា និង​ឈាន​ទៅ​ការនាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន និង​បណ្តា​ប្រទេស​នៅ​អាស៊ាន និង​ពិភពលោក​ផងដែរ​៕