សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១
នៅល្ងាច ថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នេះ ជាការរៀបចំសាកល្បងដូចទៅនឹងការរៀបចំពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខដែរ ដើម្បីធានាបាននូវសុវត្ថិភាព និងសន្ដិសុខ សណ្ដាប់ធ្នាប់ល្អ។
នៅក្នុងឱកានោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសន្ទរកថាដែលមានខ្លឹមសារសំខាន់ៗដូខចខាងក្រោម៖ សម្តេចតេជោ ហ៊ុន សែន ពិតជាមានសេចក្ដីរីករាយដោយបានចូលរួមក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដែលជាធម្មតា ការប្រកួតកីឡាជាតិនេះត្រូវរៀបចំជារៀងរាល់ ២ឆ្នាំម្តង ប៉ុន្តែមានការខកខាននៅឆ្នាំ ២០២០ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។ ឆ្នាំ២០២២នេះ គឺជាឆ្នាំដ៏មមាញឹក និងជាឆ្នាំដ៏មានសារៈសំខាន់ជាប្រវត្តិសាស្រ្តសម្រាប់ព្រះរាជាណាចក្រកម្ពុជា ។ នាពេលថ្មីៗនេះ ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយរលូន និងទទួលបានជោគជ័យដ៏ត្រចេះត្រចង់ជូនជាតិ មាតុភូមិ ដោយទទួលបានការចូលរួមយ៉ាងច្រើនពីថ្នាក់ដឹកនាំកំពូលៗនៃប្រទេសមហាអំណាច និង ប្រទេសជាមិត្តនៅក្នុងតំបន់ និងសកល ។
សម្តេចតេជោបានបន្តថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះបាននាំមកនូវកេរ្តិ៍ឈ្មោះដ៏ឧត្តុង្គឧត្តម កិត្តិយសដ៏ធំធេង និងភាពល្បីរន្ទឺក្នុងតំបន់ និងអន្តរជាតិសម្រាប់កម្ពុជា ព្រមទាំងរួមចំណែកដល់ការផ្សាព្វផ្សាយអំពីព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិទាំងមូល។ ឆ្នាំ ២០២៣ ខាងមុខនេះ ដោយទទួលបានការគាំទ្រពីប្រតិភូកីឡាបណ្តាប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជានឹងធ្វើជាម្ចាស់ ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ( SEA Games ) និង អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ដែលជាការប្រកួតកម្រិតអន្តរជាតិដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀត ក្នុងវិស័យកីឡាដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងនូវកោតសរសើរចំពោះក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការអូឡាំពិកកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធចំពោះកិច្ចសហប្រតិបត្តិការល្អ និងការរួមសាមគ្គីគ្នារៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នេះ ដែលការប្រកួតបានចាប់ផ្តើមនៅថ្ងៃទី១៩ និងត្រូវបញ្ចប់នៅ ថ្ងៃទី ៣០ ខែវិច្ឆិកា ២០២២ នេះ ។ ព្រឹត្តិការណ៍នៃការប្រកួតកីឡាជាតិនេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាជាតិមួយយ៉ាងសំខាន់សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តកសាង សមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករ កីឡាការីនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ខាងមុខនេះ ដែលគិតត្រឹមថ្ងៃទី ២១ ខែ វិច្ឆិកានេះ នៅសល់តែ ១៦៧ ថ្ងៃប៉ុណ្ណោះ។ វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាពដែលព្រឹត្តិការណ៍នេះ រួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេច បានសុខដុមនីយកម្មក្នុងសង្គមជាតិ ។ ជាងនេះទៀត ព្រឹត្តិការណ៍កីឡាផ្តល់ឱកាសល្អសម្រាប់ការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធ ដែលជាមរតកវប្បធម៌ជាតិ និងជាសិល្បៈការពារខ្លួនរបស់ប្រទេសជាតិ ព្រមទាំងជួយបំផុសស្មារតីមហាជនឱ្យស្រឡាញ់គាំទ្រវិស័យកីឡា និងលើកកម្ពស់កិត្តិសព្ទកីឡារបស់ជាតិឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ ។
សម្តេចតេជោបានបន្តទៀតថា កីឡារួមចំណែកដល់ការពង្រឹងរាងកាយឱ្យមានភាពរឹងមាំ និងលើកកម្ពស់សុខភាពល្អដែលជាទ្រព្យសម្បត្តិដ៏ប្រពៃ និងជាកត្តាកំណត់ដ៏សំខាន់នៃផលិតភាព ពលកម្ម និងការកសាងមូលធនមនុស្សសម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយភាពធន់ និងចីរភាព ។ ប្រជាពលរដ្ឋដែលមានសុខភាពល្អរស់នៅដោយសេចក្តីរីករាយ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងមានការតាំងចិត្ត និងក្ដីសង្ឃឹមខ្ពស់ ក្នុងការបង្កើនជំនាញ និងមូលធនមនុស្ស តាមរយៈការសិក្សាបន្ថែមពេញមួយជីវិត ដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹង និងបច្ចេកវិទ្យាជាប្រចាំ សម្រាប់រួមចំណែកដល់ការផ្គត់ផ្គង់កម្លាំងពលកម្មដែលមានគុណភាព និងផលិតភាពខ្ពស់ ។ វិស័យកីឡាពិតជាដើរតួសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ ។
សម្តេចតេជោ ហ៊ុន សែន សូមលើកទឹកចិត្តចំពោះក្មួយៗ ចៅៗ កីឡាករ កីឡាការិនីមានពិការភាព ដែលត្រូវបានក្រសួងអប់រំយុវជន និងកីឡាបញ្ចូលក្នុងកម្មវិធីប្រកួតកីឡាជាតិជនពិការលើកទី១ ក្នុងឆ្នាំនេះ។ សូមខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព ឱ្យអស់ពីកម្លាំងកាយចិត្ត និងមានភាពស្វាហាប់ពោរពេញដោយកម្លាំងចិត្តខ្លាំងក្លា ដើម្បីយកឈ្នះលើពិការភាពរបស់ក្មួយៗចៅៗ សំដៅបង្ហាញនូវការពិតដែលថា “ ពិការភាពប្រកបដោយសមត្ថភាពខ្ពស់ ”។ ឆ្លៀតក្នុងឱកាសនេះ សម្តេចសូមចូលរួមកោតសរសើរ និងអបអរសាទរចំពោះកីឡាករ-កីឡាការិនីជនពិការទាំងអស់ ដែលបានចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅឥណ្ឌូនេស៊ី ដោយទទួលជោគជ័យគួរជាទីមោទនៈ ។ ជោគជ័យរបស់ក្មួយៗចៅៗ មិនត្រឹមតែជាមោទនភាពរបស់ ក្មួយៗចៅៗប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពរួមរបស់ប្រជាជនកម្ពុជា និងប្រទេសជាតិយើងទាំងអស់គ្នា ក៏ដូចជាការលើក កម្ពស់កិត្តិយស និងកិត្យានុភាពជាតិយើងនៅក្នុងតំបន់ និង អន្តរជាតិ ។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវទស្សនៈ និងចំណុចគន្លឹះមួយចំនួនដូចខាងក្រោម ៖
១-សូមលើកទឹកចិត្តដល់ក្មួយៗកីឡាករ-កីឡាការិនី ទាំងអស់ សូមគោរពតាមបទបញ្ជានៃការប្រកួតកីឡាជាប្រចាំ ដើម្បីលើកកម្ពស់យុត្តិធម៌ក្នុងការប្រកួត សេចក្តីថ្លៃថ្នូរ និង ក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រកួត ពីព្រោះថា កីឡាមាន ស្តង់ដារ បទបញ្ជាត្រឹមត្រូវតែមួយដែលផ្ទុយទៅនឹងការប្រកួតប្រជែងក្នុងផ្នែកនយោបាយ ។
២-សូមអំពាវនាវឱ្យបន្តចូលចូលរួមក្នុងយុទ្ធនាការ ផ្សព្វផ្សាយ ដើម្បីរួមចំណែកដល់យុទ្ធនាការជាតិស្ដីពី “ប្រជាជន ម្នាក់ត្រូវលេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត” “ឆ្នាំ២០២៣ ជាឆ្នាំទស្សនាកម្ពុជា” “រួមគ្នាដើម្បីកម្ពុជាស្អាត និងបដិសណ្ឋារ- កិច្ចល្អ” “នាំគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន” និង “កីឡារស់នៅក្នុងសន្តិភាព” ។
៣-ក្រសួងអប់រំយុវជន និងកីឡាត្រូវបង្កើនការធ្វើពិ-ពិធកម្មសកម្មភាពកីឡាឱ្យកាន់តែច្រើន ដើម្បីបង្កើនការលើកកម្ពស់វិស័យកីឡាកម្ពុជា និងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងការងារសង្គម ការដោះស្រាយបញ្ហាសង្គម និងការ លើកកម្ពស់សកម្មភាពសេដ្ឋកិច្ចដោយហេតុថា កីឡាត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតង និងទទួលស្គាល់ថា ជាការ ទូតដ៏មានប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការកសាងមិត្តភាព សាមគ្គីភាព សុខសន្តិភាពនិងសុខដុមនីយកម្មក្នុងសង្គមជាតិ ។
៤-គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ២០២៣ ត្រូវបង្កើនកិច្ចសហការការបណ្ដុះបណ្ដាល និងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិតខ្ពស់ដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាព ខ្ពស់ ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងព្រឹត្តិការណ៍នៃការប្រកួតកីឡាជាអន្តរជាតិនានានៅថ្ងៃអនាគត៕