
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង តែងតែចូលរួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងកិច្ចការងារជាច្រើនសម្រាប់សង្គមជាតិ
នៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ២ធ្នូ ១៩៧៨-២ធ្នូ ២០១៩ ក្រោមប្រធានបទ “ស.ស.យ.ក ក្រុមគ្រួសារ ចិត្ត បេះដូង ស្មារតី ភាសារ កម្លាំងតែមួយ” ដែលរៀបចំនៅរង្វង់មូលខាងមុខសាលាក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
មានប្រសាសន៍ទៅកាន់សមាជិក សមាជិកា ស.ស.យ.ក ខេត្តស្វាយរៀងជាង១.០០០នាក់ នៃពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណ និងកោតសសើរចំពោះយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលតែងតែបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារជាច្រើនក្នុងបុព្វហេតុដើម្បីសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនសម្រាប់សង្គមជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមបន្តថា ក្នុងនាមថ្នាក់ដឹកនាំខេត្តស្វាយរៀង ពិតជាបានមើលឃើញនូវការរួមចំណែករបស់យុវជនប្រកបដោយឆន្ទៈ ការលះបង់ខ្ពស់ ដោយគិតពីប្រយោជន៍ជាតិ និងប្រជាជនជាធំ ម្យ៉ាងទៀត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានក្លាយជាដៃគូដ៏សំខាន់របស់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងការកសាងអភិវឌ្ឍន៍ខេត្ត ការងារសង្គម និងសកម្មភាពមនុស្សធម៌នានា តួយ៉ាងសកម្មភាពនៃការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់សង្គមផ្សេងៗ ការជួយជួសជុលផ្ទះជូនជាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ការសហការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង ការងារផ្សព្វផ្សាយអប់រំពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោក ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសកម្មភាពការងារសង្គមផ្សេងៗជាច្រើនទៀត ដែលជាចំណែកមួយយ៉ាងសំខាន់ធ្វើឲ្យកិច្ចការទាំងអស់នោះទទួលបានលទ្ធផលល្អប្រសើរជូនសង្គមជាតិ ។
ជាមួយនេះ ឯកឧត្ដមក៏បានមានប្រសាសន៍លើកទឹកចិត្តបន្ថែមទៀតដល់យុវជនទាំងអស់ឲ្យបន្តអនុវត្តនូវសកម្មភាពដ៏ល្អប្រពៃនេះ ដោយមិនត្រូវប្រព្រឹត្តនូវទង្វើទាំងឡាយណាដែលសង្គមស្អប់ខ្ពើម ហើយក្នុងនាមជាយុវជនជំនាន់ក្រោយ និងជាអ្នកបន្តវេនដឹកនាំប្រទេសជាតិទៅថ្ងៃអនាគត ត្រូវខិតខំជួយថែរក្សាការពារឲ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍដែលរកបានយ៉ាងលំបាកដោយយុវជនជំនាន់មុន ជាពិសេសសម្ដេចតេជោនាយករដ្ឋមន្ត្រី ៕