
ក្នុងឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ភ្ញៀវទេសចរសម្រុកមកសម្រាក លម្ហែនៅរមណីយដ្ឋានឆ្នេរកែបដូចទឹកបាក់ទំនប់
(ខេត្តកែប)៖ បើយើងសង្កេតមើលទិដ្ឋភាពក្នុងឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ក្រុមអ្នកទេសចរបានសម្រុកមកសម្រាក លម្ហែ កម្សាន្តនៅរមណីយដ្ឋានឆ្នេរកែបដូចទឹកបាក់ទំនប់។
យ៉ាងណាមិញក្នុងដំណើរកំសាននៅក្នុងរមណីដ្ឋានឆ្នេរកែប ភ្ញៀវទេសចរតែងតែផ្តោតអារម្មណ៍ជាមួយនឹងទេសភាពយ៉ាងស្រស់បំព្រងនៅតាមដងផ្លូវ ពិសេសអ្នកដំណើរបានគយគន់ផ្កាក្ងោកដែលកំពុងរីកស្គុះស្គាយ បង្អួតសម្រស់នៅគ្រប់ដងវិថីនៃទីក្រុងកែប។
មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរណ៍ពិតជាសំដែងក្តីរីករាយយ៉ាងខ្លាំង ខណៈដងផ្លូវសំខាន់ៗជាច្រើនរបស់ខេត្តកែបត្រូវបានស្ថាបនា ពង្រីកដ៏ធំទូលាយអមដោយសួននៅចំកណ្តាល ងាយស្រួលធ្វើដំណើរ បញ្ចៀសការកកស្ទះ។លើសពីនេះក្នុងតំបន់ទេសចរណ៍ខេត្តកែប ក៏ត្រូវបានតាក់តែងកែលម្អប្រកបដោយសោភ័ណភាពយ៉ាងស្រស់ត្រកាលគ្មានពីរផងដែរ។
ជាមួយនេះ ក្នុងឱកាសបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានេះ ក្រៅពីការដើរកម្សាន្តនៅក្នុងទីប្រជុំជនមាត់ឆ្នេរកែប គេបានសង្កេតឃើញក្រុមអ្នកទេសចរបាននាំគ្នាទៅសម្រាក លម្ហែនៅតាមតំបន់ទេសចរជាច្រើនទៀតស្ថិតក្នុងភូមិសាស្ត្រខេត្តដូចជាឆ្នេរអង្កោល តំបន់ទេសចរណ៍ភ្នំវល្លិ៍ សួនមេអំបៅ និងនៅតាមបណ្តាកោះមួយចំនួនទៀត ពិសេសឆ្នេរកោះទន្សាយជាដើម។
មហាជនភាគច្រើនដែលធ្វើដំណើរមកពីបណ្តាខេត្តមួយចំនួនតែងផ្តោតការចាប់អារម្មណ៍ពីទេសភាពដ៏ស្រស់បំព្រងគ្មានពីររបស់ខេត្តកែប ដូចជាការគយគន់មើលព្រៃភ្នំដែលគ្របដណ្តប់ទៅដោយដើមឈើគ្រប់ប្រភេទ ប្រកបដោយសម្រស់យ៉ាងទាក់ទាញ។ការមកលម្ហែ កម្សាន្តនាឱកាសនេះ ភ្ញៀវទេសចរតែងតែប្រដូចតំបន់ទេសចរណ៍ដ៏តូចច្រឡឹងមួយនេះប្រៀបបាននឹងឋានតុសិត ដែលតំបន់ទេសចរណ៍ផ្សេងទៀតស្ទើតែប្រៀបមិនបាន។
ជាការពិតណាស់ ការមកសម្រាក លម្ហែ កម្សាន្តនៅក្នុងរមណីយដ្ឋានខេត្តកែប យើងពិតជាបានស្រូបយកនូវខ្យល់អាកាសយ៉ាងត្រជាក់បរិសុទ្ធ ថែមទាំងបានភ្លក្សនូវរសជាតិអាហារគ្រឿងសមុទ្រស្រស់ៗគ្រប់ប្រភេទ ប្រកបដោយមានឱជារសយ៉ាងឆ្ងាញ់ពិសារ។
ទន្ទឹមនឹងកំណើនភ្ញៀវទេសចរក្នុងពិធីបុណ្យជាតិសំខាន់ៗ ពិសេសបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មហាជនក៏បានសម្រុកមកលម្ហែកាយយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយភ្ញៀវតែងតែកោតសរសើរដល់អាជ្ញាធរក្នុងតំបន់ដែលបាននិងកំពុងពុះពារ ធ្វើការកែលម្អ កែប្រែសោភ័ណភាពឲ្យកាន់តែស្រស់បំព្រង ដើម្បីឲ្យសក្តិសមជាខេត្តទេសចរណ៍ដែលកំពុងជាប់ឈ្មោះជាឆ្នេរស្រស់ស្អាតជាងគេលើពិភពលោក គឺ”ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត”គ្រប់រដូវកាល៕