លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយ​ត្រពាំង​ផ្លុង ឃុបឃិត​ឱ្យ​ឈ្មួញ បង់ពន្ធ​តាមរបៀប​ម៉ៅការ ផ្ទុយ​គោលការណ៍​របស់​អគ្គនាយកដ្ឋាន​គយ គឺ​ងាយស្រួល​ប្រព្រឹត្ត​អំពើ​ពុករលួយ គួរឱ្យ​ញាក់សាច់​

(​ខេត្ត​ត្បូងឃ្មុំ​) ៖ ចាប់តាំងពី លោក អ៊ួ​ន សុវណ្ណារ៉ា អតីត​ជា​ប្រធាន ការិយាល័យ គយ​និង​រដ្ឋាករ ខណ្ឌចំការមន ត្រូវបានតែងតាំង ជា​ប្រធាន​ការិយាល័យ គយ និង​រដ្ឋាករ ប្រចាំ​ច្រក​ទ្វារ ព្រំដែន​អន្តរជាតិ ត្រពាំង​ផ្លុង ចាប់តាំងពី​រសៀល ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៨ គេ​សង្កេតឃើញ​អំពើពុករលួយ និង​ភាព​អសកម្ម នៃ​ការឃុបឃិត ឲ្យ​ឈ្មួញ​ធំៗ នាំចូល​ទំនិញ តាមរបៀប​ម៉ៅការ ឬ​បង់ពន្ធ​តាមរបៀប គៃបំបាត់​ចំណូល​ពន្ធ ជាពិសេស ការ​កោសរូស ទារលុយ ថ្លៃ​បាយ​ក្នុង​កម្រិត​ខ្ពស់ បង្ក​ភ​បង្កភាព​ក្តៅក្រហាយ ដល់​ឈ្មួញ​តូចតាច​រហូត​ឈ្មួញ​ធំៗ ។​

​លោក អ៊ួ​ន សុវណ្ណារ៉ា បាន​ចាយលុយ​ក្នុង​កម្រិត មិន​ធម្មតា ទើប​អាច​ឡើង មក​ធ្វើជា​មេ​គយ ប្រចាំ​ច្រក​អន្តរជាតិ ត្រពាំង​ផ្លុង ដូច​ច្នេះ គាត់​អាច​បង្កើត របៀប​ប្រមូល​លុយ ដើម្បី​ស្រង់ដើម តាមរយៈ ការឃុបឃិត​ឱ្យ​ឈ្មួញ នាំចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់​។ លោក អ៊ួ​ន សុវណ្ណារ៉ា ក៏​បាន​យក រូបមន្ត​ពុករលួយ ដែល​គាត់​ធ្លាប់​អនុវត្តន៍ ដោយ​ជោគជ័យ ក្នុង​ការប្រមូល​លុយ ពី​ក្រុម​ឈ្មួញ យ៉ាង​ណែន​ពេញ​ដៃ អំឡុង​ពេល​គាត់​ធ្វើជា ប្រធានការិយាល័យ គយ និង​រដ្ឋាករ ខណ្ឌចំការមន ទៅ​ទៅ​បន្ត​អនុវត្ត នៅ​ច្រក​ត្រពាំង​ផ្លូង ធ្វើឱ្យ​ក្រុម​ឈ្មួញ ញាក់សាច់​គ្រប់ៗ​គ្នា​។​

​សមត្ថកិច្ច​តូចតាច នៅ​ច្រក​ព្រំដែន ត្រពាំង​ផ្លុង ស្រុក​ពញា ក្រែក ខេត្ត​ត្បូងឃ្មុំ បានឱ្យដឹងថា លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយ​ប្រចាំ​ច្រក​នេះ កំពុង​ប្រើ​អំណាច ប្រមូល​លុយ តាម របៀប​ពុករលួយ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ដោយសារ តែ មាន​ខ្នងបង្អែក​រឹងមាំ នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​។ លោក អ៊ួ​ន សុវណ្ណារ៉ា មិន​ត្រឹមតែ ឃុបឃិត​បើកដៃ ឱ្យ​ឈ្មួញ​នាំចូល ទំនិញ​គេច​ពន្ធ និង​ទំនិញ បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង ពង្រាយ​កូនចៅ​ឱ្យ​បង្កើត​កុងត្រូលជជុះ ចាំ​ប្រមូល​លុយ ពី​ប្រជាពលរដ្ឋ ដែល​ដឹក ជញ្ជូន​ជ្រូក​មាន់​ទា តាម​ម៉ូតូ​ទៀតផង​។​

​ទំនិញ​ដែល​ឈ្មួញ នាំ​ចូល​តាម​ច្រក ត្រពាំង​ផ្លុង បង់ពន្ធ​ត្រឹមតែ ១០​ទៅ​៣០ ភាគរយ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ ហូរ​ចូល​ទៅក្នុង​ហោប៉ៅ របស់លោក លោក អ៊ួ​ន សុវណ្ណារ៉ា យ៉ាង​កាក់កប​។ ប្រភព​បានឲ្យដឹង​ទៀតថា ក្នុងនាម​ជា​ប្រធាន ការិ យាល័យ​គយ ច្រក​ត្រពាំង​ផ្លុង បាន​ឃុបឃិត បន្លំ​ប្រភេទ​ទំនិញ ដែល​ឈ្មួញ​នាំចូល ដូចជា ឈ្មួញ​នាំ​ចូល អេ​ឡិច ត្រូ​និក ត្រូវ​គេ​ដាក់​ថា ជា​ក្រដាសអនាម័យ ឬ​ទំនិញ​ចាប់ហួយ ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កំរិត​ទាប​។ បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ មិនគួរ​បណ្ដែតបណ្តោយ តទៅទៀត​ទេ ព្រោះ​អំពើ​ពុករលួយ របស់លោក អ៊ួ​ន សុវណ្ណារ៉ា ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់ ចំណូល​ពន្ធ​យ៉ាង​ច្រើនសន្ធឹក​។​

​ទាក់ទិន​នឹង​ការលើកឡើង​ខាងលើ​នេះ រស្មី​ស្វាយរៀង មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​លោក អ៊ួ​ន សុវណ្ណារ៉ា នៅឡើយ​ទេ ៕