ខេត្ត​ព្រះសីហនុ រៀបចំ​ពិធី​ប្រណាំង​ទូកផ្កាចារ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ខេត្ត​ព្រះសីហនុ

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​រៀបចំ​ប្រណាំង​ទូកផ្កាចារ ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ ព្រះ​ខែ និង​អកអំបុក នៅ​អាងទឹក​ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ ។ ពិធី​ប្រណាំង​ទ​នេះ មាន​រយពេល ២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៣ និង​ត្រូវ​បាន​បិិទ​បញ្ចប់រសៀល​ថ្ងៃអាទិត្យ ៧​កើត ខែ​កត្តិក ឆ្នាំ​កុ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។​

​តាម​គណៈកម្មការ​រៀប​ចំ​ការប្រណាំង​ទូកផ្កាចា​រ និង​ទូក​ស្នោ បានឱ្យដឹងថា ឆ្នាំ​នេះ​មាន​ទូកផ្កាចារ​ចូលរួម​ប្រកួត​ចំនួន ១១​គូ ស្មើនឹង ២២​ទូក មាន ៣​ប្រភេទ ប្រភេទ​ទូក មាឌ​ចំណុះ ៥​នាក់ មាន ៣​គូរ​, ប្រភេទ​ទូកផ្កាចារ ចំណុះ ៥​នាក់ ៥​គូរ​, និង​ប្រភេទ​ទូក​ចំណុះ ៨​នាក់ មាន ៣​គូរ ។ មាន​អុំ​ខ្ទះ​ចំនួន ២​គូរ និង​ទូក​ស្នោ ២០​ទូក អុំ​កំសាន្ត ។​

​លទ្ធផល​ទូក​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ មាន ៣​ទូក ក្នុង ១​ទូក​ទទួលពាន​១ ទង់​ជ័យលាភី​លេខ​១ និង​ថវិកា ២​លាន​រៀល​, ចំណាត់ថ្នាក់​លេខ​២ មាន ៣​ទូក ១​ទូក​ទទួលបាន​ពាន​១ ទង់​ជ័យលាភី​លេខ​២ ថវិកា ១.៥​លាន​រៀល ចំណាត់ថ្នាក់​លេខ​៣ មាន ៣​ទូក ក្នុង​មួយ​ទូក​ទទួលបាន​ពាន​១ ទង់​ជ័យលាភី​លេខ​៣ និង​ថវិកា ១​លាន​រៀល ,​ទូក​មិន​ជាប់​ចំណាត់ថ្នាក់ ១៥​ទូក មួយ​ទូក​ទទួលបាន​ទង់​អនុស្សាវរីយ៍​១ និង​ថវិកា ៧៥​ម៉ី​ន​រៀល​, ទូក​ស្នោ ២០​ទូក មួយ​ទូក​ទទួល​រង្វាន់​លើកទឹកចិត្ត ៣០​ម៉ី​ន​រៀល​, អុំ​ខ្ទះ​៤ មួយ​ខ្ទះ​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ២៥​ម៉ី​ន​រៀល​ផង​ដែរ ។

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រ សាសន៍​ចូលរួម​បិទ​ការប្រណាំង​ទូកផ្កាចារ ដើម្បី​អបអរសាទ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៩ ជា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ជា​មរតក​វប្បធម៌​ដូនតា​បាន​បន្សល់ទុក​តាំងពី​សម័យ​បុរាណ​យូរលង់​ណាស់​មកហើយ ត្រូវបាន​ពលរដ្ឋ​ប្រតិ​ប​តិ្ត​បន្ត​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ និង​ចាត់ទុកថា​ជា​បុណ្យប្រពៃណី វប្បធម៌​ជាតិ​ដ៏​ធំ​មួយ​ក្នុងចំណោម​ពិធីបុណ្យ​សំខាន់ៗ​ជាច្រើន​ទៀត​ដែល​គេ​ប្រារព្ធ​ធ្វើឡើង​នៅ​ចំ​ពេល​រដូវ​ទឹក សម្រក​ក្នុង​ខែ​កត្តិក ឬ​ខែ​វិច្ឆិកា មាន​រយៈពេល ៣​ថ្ងៃ ចាប់ផ្ដើម​ពី​ថ្ងៃ​១៤​កើត ដល់​ថ្ងៃ ១​រោច ខែ​កត្តិក ដោយ​មាន​បណ្ដែតប្រទីប​នៅពេល​យប់​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​តាម​ដង​ទន្លេសាប​មុខ​ព្រះ​បរម​រាជ្យ​វាំង ដោយឡែក​ខេត្ត​ព្រះសីហនុ ក៍​បាន​រៀបចំ​ពិធី​ប្រណាំង​ទូកផ្កាចារ​ជា​រៀង​រា​លើ​ឆ្នាំ ដើម្បី​បង្កើត​ព្រឹតិការស​ប្បាយ រីករាយ​ជូន​ប្រជាពលរដ្ឋ ។ ការ​ប្រណាំងទូក​នាពេល​នេះ ក៏​ជា​កីឡា​មួយ​ដែល​វា​តែងតែ​មាន​ចាញ់ និង​ឈ្នះ និង​ឈាន​ទៅ​បាន​បទពិសោធន៍​ថ្មីៗ​បន្ថែមទៀត ដើម្បី​ត្រៀម​ការប្រណាំង​នូវ​ឆ្នាំ ក្រោយ​ទៀត ព្រោះ​ការលេង​កីឡា​នាំមក​នូវ​សុខភាព សាមគ្គីភាព មិត្តភាព មាន​ទំនាក់​ទំ​ទង​កិច្ចសហការ​គ្នា​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។​

​ក្រៅពី​ប្រណាំងទូក ក៍​មាន​រៀបចំ​កម្មវិធី​ក​ម្សាន​ជាច្រើន​ផ្សេង ទៀត មានដូចជា បណ្តែត​ប្រទីប បង្ហោះ​គោម អក​អំបុក និង​បាញ់​កាំ​ជ្រួច ធ្វើឱ្យ​កម្មវិធី​នេះ​មាន​ការកម្សាន្ត​សប្បាយ​ផងដែរ ៕