រដ្ឋបាល​ខេត្ត​កែប អបអរសាទរ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​គម្រប់ ៦៦ យាង​ចូល ៦៧ ព្រះវស្សា របស់​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

(​ខេត្ត​កែប​)៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ១១​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៩ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប លោក សំ សារី​ន ប្រធាន​ក្រុមប្រិក្សា​ខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជំវិញ​ខេត្ត គណៈ​អភិបាលក្រុង ស្រុក សមាជិក​ក្រម​ប្រឹក្សា​ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំងបី ក្រុមប្រឹក្សាឃុំ សង្កាត់ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ តាជី​យាយជី ក្មួយៗ​សិក្សានុសិស្ស អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ​ជាង​៤០០​នាក់​។

​ក្នុងឱកាស​ពេល​នោះ​ដែរ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​អាន​សារ​ថ្វាយព្រះពរ​ជូន​ដល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​អត្ថន័យ​ថា​៖ ក្នុង​ឱកាស​ដ៏​មហា​ជ័យ​មង្គល​នេះ​ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា​ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ ក្មួយៗ​សិក្សានុសិស្ស នឹង​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត សូម​លំឱនកាយវាចា​ចិត្ត ក្រាបបង្គំ​សម្ដែង​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ បវរ​សួស្ដី សិរី​វឌ្ឍនា វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ ថ្វាយ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង សូម​ព្រះអង្គ​មាន​ព្រះ​ព​លានុភាព​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ព្រះកាយពល​មាំមួន ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ដល់​ប្រជានុរាស្ត្រ ជា​កូនចៅ​របស់​ព្រះអង្គ រស់នៅក្នុង​សេចក្ដីសុខក្សេមក្សាន្ត ឆ្ពោះ​ទៅកាន់​វឌ្ឍនភាព​ជា​និច្ច​និរន្តរ៍ និង​ចម្រុងចម្រើន​ថ្កុំថ្កើន​ទូទាំង ព្រះ​នគរ​តរៀង​ទៅ​។​

​នឹង​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ ព្រះ​បារមី​នៃ​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះ​មហាក្សត្រិយានី​ខ្មែរ ជាពិសេស​ព្រះ​បារមី​នៃ​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ សូម​ព្រះអង្គ​តាម​ជួយ​ថែរក្សា​អភិបាល​ប្រោះព្រំ​នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ​គ្រប់ប្រការ​ថ្វាយ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង និង​សូម​ព្រះអង្គ ទ្រង់​ប្រកបដោយ​ព្រះពុទ្ធ​ពរ​ដ៏​ប្រសើរ​ថ្លៃថ្លា​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជា​ភិយ្យោភាព​តរៀង​ទៅ​។​

​ក្រោយពី​បញ្ចប់​កម្មវិធី លោក កែ​ន សត្ថា អភិបាលខេត្ត ក៏​បាន​ប្រគេន​ថវិកា​ដល់​ព្រះសង្ឃ និង​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​យាជី តាជី ដែល​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​ចម្រើន​ព្រះជន្ម ព្រះករុណា​ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រៀបចំឡើង​នៅក្នុង​សាលប្រជុំ​សាលាខេត្ត​កែប​៕