
លោក កែន សត្ថា អភិបាលខេត្តកែប ជួបសំណះសំណាលជាមួយ អ្នកបើកបររថយន្តក្រុង ភ្នំពេញ-កែប
(ខេត្តកែប)៖ នៅរសៀល ថ្ងៃពុធ ១៣កើត ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានជួបជួបសំណះសំណាលជាមួយ អ្នកបើកបររថយន្តក្រុង ភ្នំពេញ-កែប។
កិច្ចសំណេះសំណាលនេះក៏មានការចូលរួមពីសំណាក់ លោក លោកស្រី ជាអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព មន្ត្រីរាជការសាលាខេត្តជាច្រើនរូប។
លោក កែន សត្ថា អភិបាលខេត្តកែប បានមានប្រសាសន៍បញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់រស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលដល់បន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្តេចនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តនានា និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ រយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ដោយមិនបង់ប្រាក់ ក្នុងនោះរថយន្តក្រុងដែលត្រូវជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញមកកាន់ខេត្តកែប និងពីខេត្តកែបត្រឡប់ទៅរាជធានីភ្នំពេញវិញមានចំនួន ០៥គ្រឿង។
ក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកាមួយចំនួន និងសម្រួលការស្នាក់នៅ ក្នុងគោលបំណងដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្ត ដល់អ្នកបើករបរថយន្តក្រុង ភ្នំពេញ-កែប ផងដែរ។
សូមជម្រាបផងដែរថា៖ គិតត្រឹមរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃនេះ រថយន្តក្រុង ភ្នំពេញ-កែប បានដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ យ៉ាងមមាញឹក ពីភូមិសាស្ត្រខេត្តកែបទៅកាន់រាជធានីភ្នំពេញ និងពីភ្នំពេញមកកាន់ខេត្តកែបវិញ ដោយសេវាដឹកជញ្ជូនតាមជើងរថយន្តក្រុងទៅមក គឺគ្មានចំណាយថវិកាអ្វីឡើយ៕ សេង ណារិទ្ធ