ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​តុលា ឆ្នាំ​២០១៩ និង​ផ្សព្វផ្សាយ អំពី​ឧបាយកល​ក្បត់ជាតិ របស់​ក្រុម​ទណ្ឌិត សម រង្ស៊ី ដែល​មាន​ចេតនា​បំផ្លាញ​សុខសន្តិភាព និង​ការអភិវឌ្ឍ​

នា​រសៀល​ថ្ងៃ​ចន្ទ ៨​រោច ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង មាន​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​តុលា ឆ្នាំ​២០១៩ និង​ផ្សព្វផ្សាយ អំពី​ឧបាយកល​ក្បត់ជាតិ របស់​ក្រុម​ទណ្ឌិត សម រង្ស៊ី ដែល​មាន​ចេតនា​បំផ្លាញ​សុខសន្តិភាព និង​ការអភិវឌ្ឍ ។​

​ក្នុង​កិច្ចប្រជុំ​នេះ ស្ថិតក្រោម​អធិបតីភាព លោក នួន លី​ហួន ប្រធាន​មន្ទីរ និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​អនុប្រធាន​មន្ទីរ លោក លោកស្រី​ប្រធាន អនុប្រធាន​ការិយាល័យ លោក​ប្រធានការិយាល័យ​សាធារណការ និង​ដឹកជញ្ជូន​ក្រុង ស្រុក​ទាំង​ប្រាំបី លោក លោកស្រី មន្ត្រីរាជការ និង​មន្ត្រី​ជាប់​កិច្ចសន្យា​ទាំងអស់ សរុប​ចំនួន ១១០​នាក់ ។
​មានប្រសាសន៍​បើក​កិច្ចប្រជុំ​នេះ លោក​ប្រធាន​មន្ទីរ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​លោក លោកស្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រី​ជាប់​កិច្ចសន្យា​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ទាំងអស់ ដែល​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​យ៉ាង​សកម្ម​សម្រេច​លទ្ធផល​ទៅតាម​ផែនការ និង​ប្រតិទិន​ការងារ ដែល​បាន​គ្រោងទុក ព្រមទាំង​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​ពើបប្រទះ​លើ​ការអនុវត្ត​កន្លងមក ។​

​នា​ឱកាស​នោះ​លោក​ប្រធាន​មន្ទីរ បាន​ផ្សព្វផ្សាយ​អំពី​ឧបាយកល​ក្បត់ជាតិ របស់​ក្រុម​ទណ្ឌិត​សម រង្ស៊ី ដែល​មាន​ចេតនា​បំផ្លាញ​សុខសន្តិភាព និង​ការអភិវឌ្ឍ ដោយ​មិន​ត្រូវ​ចាញ់​ការ​បោក​បញ្ឆោត ធ្វើអោយ​ល្មើសច្បាប់ ហើយ​នាំ​ដល់​ការអនុវត្ត​ទោសទណ្ឌ​ដល់​ខ្លួន​នោះ​ទេ​។

​ជា​កិច្ចបញ្ចប់ លោក​ប្រធាន​មន្ទីរ​បាន​លើកទឹកចិត្ត​ដល់ មន្ត្រីរាជការ មន្ត្រី​ជាប់​កិច្ចសន្យា​ទាំងអស់ បន្ត​ខិតខំ​ប្រឹងប្រែង ពង្រឹង​ការងារ​ជំនាញ មាន​សាមគ្គីភាព ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​ការងារ ជាពិសេស ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ អោយបាន​ទាន់​ពេលវេលា មាន​ភាពច្បាស់លាស់ និង​រួម​គ្នា​គោរព​អោយបាន​ខ្ជាប់ខ្ជួន ផ្ដល់​ភាព​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ ក៏​ដូចជា​អ្នក​ប្រើប្រាស់​ផ្លូវ​នូវ​ឥរិយាបថ​ប្រកបដោយ​សុវត្ថិភាព (​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព ជិះឡាន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ទាំងអស់គ្នា​) ។

​នា​ឱកាស​នោះ លោក​ប្រធាន​មន្ទីរ​បាន​ចែក​ជូន នូវ​ឯកសណ្ឋាន​អង្គភាព ក្នុង​ម្នាក់​២​សម្រាប់ ជូន​ដល់​មន្ត្រីរាជការ ហើយ​មន្ត្រី​ជាប់​កិច្ចសន្យា ទទួលបាន​អាវយឺត អាវកាក់​ចំណាំងផ្លាត និង​មួក​ការដ្ឋាន​ម្នាក់​មួយ ៕